ភ្នំពេញ៖ ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោក មហាធា មហាម៉ាត់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ម៉ាឡេស៊ី មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ០៣ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០១៩។
លោកបណ្ឌិត មហាធា មហាម៉ាត់ នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មក នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។
ក្នុងក្នុងអំឡុងទស្សនកិច្ចនេះលោកនាយករដ្ឋមន្ត្រីម៉ាឡាស៊ី នឹងជួបសំដែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។អំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការបរទេស បានប្រកាសកាលពីថ្ងៃទី៣០ ខែសីហាថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០១៩។
ក្រសួងការបរទេសបានបញ្ជាក់ថា «ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ»។
ក្រៅពីនេះ តាមកម្មវិធី ដែលបានគ្រោងទុក នៅរសៀលថ្ងៃទី០២ ខែកញ្ញានេះ លោកនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី មហាធា មហាម៉ាត់ នឹងចូលរួមក្នុងកិច្ចសន្ទនាពិសេស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្តីពី “ការរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាច នៅក្នុងបរិបទអាស៊ាន”។
កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩២៥ លោក មហាធា ម៉ូហាម៉ាដ (Mahathir Mohamad) បានឈ្នះការបោះឆ្នោត កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ និងក្លាយជានាយករដ្ឋមន្ត្រីម្តងទៀត នៅប្រទេសម៉ាឡេស៊ី។ លោកជានាយករដ្ឋមន្ត្រីទី០៧ បន្ទាប់ពីលោក ណាជីព រ៉ាហ្សាក់។
នៅឆ្នាំ១៩៨១ លោក មហាធា មហាម៉ាត់ បានចូលកាន់ដំណែង ជានាយករដ្ឋមន្ត្រី ទី០៤ របស់ប្រទេសម៉ាឡេស៊ី រហូតដល់ឆ្នាំ២០០៣៕