ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

៨​ខែ​​ឆ្នាំ​២០១៩​ រាជរដ្ឋាភិបាល​កម្ពុជា​ចំណាយ​ថវិកា​អស់ជាង​ ១៩.៩​ពាន់​លាន​រៀល​ជូន​ដល់​កម្មការិនីសម្រាលកូន​

 

ភ្នំពេញ​៖​ គិត​ត្រឹមតែ​ ១​ខែ​ប៉ុណ្ណោះ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១​ រហូត​ដល់​ ៣១​ ខែសីហា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ​ ទឹកប្រាក់​សរុប​ប្រមាណ​ជាង​ ២.៣​ ពាន់​លាន​រៀល​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​បើក​ផ្តល់​ជូន​កម្មការិនី​ជា​ស្ត្រី​សម្រាលកូន​សរុប​ចំនួន​ ៥​ ៨០៥​នាក់​ (​ស្ត្រី​សម្រាល​បានកូន​ភ្លោះ​ពីរ​ ចំនួន​ ៣៩​នាក់​)​ ចំនួន​កូន​សរុប​ ៥​ ៨៤៤​នាក់​ ដែល​បាន​បើក​ផ្តល់​ជូន​តាម​រយៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​)​ នេះ​បើ​យោង​តាម​របាយការណ៍​ក្រុមការងារ​ការិយាល័យ​តាវកាលិក​ នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.)​ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ដោយឡែក​គិត​ចាប់ពី​ថ្ងៃ​ទី​១​ ខែមករា​ ដល់​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​ថ្មីៗ​នេះ​ ទឹកប្រាក់​សរុប​ប្រមាណ​ជាង​ ១៩.៩​ ពាន់​លាន​រៀល​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​បើក​ផ្តល់​ជូន​កម្មការិនី​ជា​ស្ត្រី​សម្រាលកូន​សរុប​ចំនួន​ ៤៩​ ៤៨០​នាក់​ (​ស្ត្រី​សម្រាល​បានកូន​ភ្លោះ​ពីរ​ចំនួន​ ៣១១​នាក់​ និង​ស្ត្រី​សម្រាល​បានកូន​ភ្លោះ​បី​ ចំនួន​ ០៤​នាក់​)​ ដែល​មាន​ចំនួន​កូន​សរុប​ចំនួន​ ៤៩​ ៧៩៩​នាក់​។​

សូម​បញ្ជាក់​ថា​៖​ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់តែ​លឿន​ ទាន់​ពេលវេលា​ និង​មាន​ប្រសិទ្ធភាព​ ពេល​សម្រាល​ត្រូវ​កូន​ សាមីខ្លួន​ត្រូវ​អនុវត្ត​តាម​សេចក្តីណែនាំ​ដូច​ខាងក្រោម​ ៖
​ទី​១.​ កម្មករនិយោជិត​ជា​ស្ត្រី​ ត្រូវ​អញ្ជើញ​មក​បំពេញបែបបទ​នៅ​ទីស្នាក់ការ​ ប​.​ស​.​ស​.​ ក្នុង​រាជធានី​ ខេត្ត​ ក្នុង​កំលុង​ពេល​យ៉ាង​យូរ​ ៣​ខែ​ មុន​សម្រាលកូន​។​
​ទី​២.​ សាមីខ្លួន​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ លិខិត​ពិនិត្យ​ផ្ទៃពោះ​ដែល​បាន​បញ្ជាក់​កាលបរិច្ឆេទ​ត្រូវ​សម្រាល​ (​អេកូ​)​ បណ្ណ​សមាជិក​ ប​.​ស​.​ស​ ឬ​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​ច្បាស់លាស់​របស់​សាមីខ្លួន​ ដែល​អាច​ទំនាក់ទំនង​បាន​។​
​ទី​៣.​ ករណី​សាមីខ្លួន​មិន​បាន​មក​បំពេញបែបបទ​នៅ​ ប​.​ស​.​ស​.​ ក្នុង​កំលុង​ពេល​ខាងលើ​ សាមីជន​ ឬ​អ្នកតំណាង​ ត្រូវ​ជូនដំណឹង​ជា​បន្ទាន់​មក​កាន់​ ប​.​ស​.​ស​.​ យ៉ាង​យូរ​បំផុត​ ១​ (​មួយ​)​ ខែ​ ក្រោយ​ថ្ងៃ​សម្រាលកូន​។​
​ទី​៤.​ សាមីខ្លួន​ ឬ​សាច់ញ្ញាតិ​ត្រូវ​ជូនដំណឹង​មក​ ប​.​ស​.​ស​ តាម​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់​ ១២៨៦​ ពេល​ដែល​សម្រាក​ក្នុង​មូលដ្ឋាន​សុខាភិបាល​ (​មន្ទីរពេទ្យ​)​ ដែល​គ្មាន​ភ្នាក់ងារ​ ប​.​ស​.​ស​.​។​

​គួរ​រំលឹក​ផង​ដែរ​ថា​ សម្រាប់​បងប្អូន​កម្មការិនី​ជា​សមាជិក​ ប​.​ស​.​ស​.​ សម្រាលកូន​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ៖
-​ សម្រាលកូន​មួយ​ ទទួល​បាន​ ៤០​ម៉ឺន​រៀល​
-​ សម្រាល​កូនភ្លោះ​ (​ពីរ​នាក់​)​ ទទួល​បាន​ ៨០​ម៉ឺន​រៀល​
-​ សម្រាល​កូនភ្លោះ​ (​បី​នាក់​)​ ទទួល​បាន​ ១២០​ម៉ឺន​រៀល​

​ជាង​នេះ​ទៅ​ទៀត​អ្វី​ដែល​ត្រេកអរ​បំផុត​នោះ​គឺ​កូនភ្លោះ​ ៣​នាក់​ជា​កូន​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែមចំនួន​ ៥​លាន​រៀល​បន្ថែម​ទៀត​ និង​អត្ថប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​ ប​.​ស​.​ស​.​ បាន​ផ្តល់​ជូន​។​

​បញ្ជាក់​៖​ ចំពោះ​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ខាងលើ​នេះ​ ផ្តល់​ជូន​សមាជិក​ ប​.​ស​.​ស​.​ ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន​តែ​ប៉ុណ្ណោះ​ ៕