ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពង់ធំ ឯកភាពជួយអភិវឌ្ឍន៍សិប្បកម្មផលិតគ្រាប់ស្វាយចន្ទី និងតម្បាញរពាក់នៅសហគមន៍សំបូរព្រៃគុហ៍

 

កំពង់ធំ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានឯកភាពគ្នាប្ដេជ្ញាជំរុញការអភិវឌ្ឍសិប្បកម្មផលិតគ្រាប់ស្វាយចន្ទី និងតម្បាញវល្លិ៍រពាក់ឱ្យកាន់តែរីកចម្រើនឡើង ដើម្បីជួយជំរុញជីវភាពរស់នៅរបស់ប្រជាសហគមន៍។

ការប្ដេជ្ញាចំពោះមុខប្រជាសហគមន៍ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុហ៍ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានលើកឡើងថា សហគមន៍បកគ្រាប់ស្វាយចន្ទី នៅមានសកម្មភាពមកដល់ពេលបច្ចុប្បន្ននេះ ដោយបានជួយបណ្តុះបណ្តាលដល់សហគមន៍ផ្សេងៗ ដូចជានៅខេត្តព្រះវិហារ រតនគិរី និងខេត្តកំពង់ធំ។

លោក ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ដោយថ្មីៗនេះមានកិច្ចសន្យាបកគ្រាប់ស្វាយចន្ទីជាមួយក្រុមហ៊ុនអាល្លឺម៉ង់ បានចុះកិច្ចសន្យាជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនថៃ ដើម្បីបកគ្រាប់ស្វាយចន្ទី សម្រាប់ផែនការរយៈពេល៥ឆ្នាំ។ ប៉ុន្តែសមាគមន៍នៅមានការខ្វះទុនសម្រាប់ការទិញគ្រាប់ស្តុកក្នុងឃ្លាំង ដើម្បីដំណើរការបកគ្រាប់ស្វាយចន្ទីនេះនោះឡើយ។ ជាមួយគ្នានោះ តំណាងប្រជាសហគមន៍ក៏បានលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងដំណើរការសិប្បកម្មខាងលើផងដែរ។

លោក ថោង ខុន បានលើកទឹកចិត្តឱ្យប្រជាសហគមន៍ខិតខំដាំដើមរពាក់ ដើមឫស្សីឱ្យបានច្រើនឡើងវិញ ដើម្បីទុកប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតជាផលិតផលតម្បាញនានា។

ជាពិសេសប្រជាពលរដ្ឋនៅតំបន់ប្រាសាទសំបូរព្រៃគុហ៍ខិតខំដាំដុះដំណាំ និងចិញ្ចឹមសត្វ ធ្វើជាវត្ថុធាតុដើមក្នុងការផលិតជាផលិតផល សេវាកម្មម្ហូបអាហារ ដើម្បីបម្រើដល់តម្រូវការភ្ញៀវទេសចរ។

លោកមរដ្ឋមន្ត្រីនិងលោកអភិបាលខេត្តកំពង់ធំ បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះសិប្បកម្មផលិតស្ករត្នោត ទឹកសណ្តែក តម្បាញក្រមាសូត្រ ផ្ទះស្នាក់ មគ្គុទ្ទេសក៍ទេសចរណ៍ សេវាលក់ម្ហូបអាហារជាដើម។

ចំពោះសិប្បកម្មតម្បាញរពាក់លោក សេង អាន លើកឡើងថា នៅមានសកម្មភាពដំណើរការជាប្រចាំ ប៉ុន្តែបច្ចុប្បន្ននេះវត្ថុធាតុដើមក្នុងការផលិតកាន់តែតិចទៅៗ ធ្វើឱ្យមានការលំបាកដល់ដំណើរការផលិត។ បញ្ហានេះក៏ទទួលការយកចិត្តទុកដាក់ពីសំណាក់រដ្ឋមន្ត្រី និងអភិបាលខេត្តផងដែរ៕