ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ក្រសួង​អប់រំ បិទប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប នៅ​មណ្ឌល​ភ្នំពេញនិង​ខេត្តកណ្តាលរសៀល​ថ្ងៃទី​០៩​សម្រាប់​ខេត្ត​​នៅ​ថ្ងៃទី​១០​កញ្ញា​នេះ

ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញសេចក្តីប្រកាសអំពីលទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ(បាក់ឌុប) សម័យ​ប្រឡង ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ នឹងត្រូវ​ប្រកាស លទ្ធផល ចាប់ពី​ម៉ោង ៣​រសៀល ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ សម្រាប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តកណ្តាល​។ សម្រាប់នៅតាម​ខេត្ត​ នឹង​ប្រកាសលទ្ធផល​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។​

ការសម្រេច​ប្តូរ​ថ្ងៃ មក​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​០៩-១០​កញ្ញា​វិញ ត្រូវបាន​ក្រសួង​​អប់រំ បញ្ជាក់ថា យោងតាម​ការចាំបាច់រ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ លទ្ធផល​ប្រឡង នឹងត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​តែមួយគត់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា facebook.com/moeys.gov.kh​។

ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​បញ្ជាក់ថា ដំណើរការ​ស្រង់​បូក​ពិន្ទុ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​ថ្ងៃទី​១៩ សីហា ២០១៩ បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន និង​ប្រសិទ្ធភាព​ខ្ពស់ ហើយ​មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ឡើយ​។

គណៈកម្មការ​ស្រង់​បូក​ពិន្ទុ​ទាំងអស់ គោរព​តាម​បទបញ្ញត្តិ​បានល្អ និង​អនុវត្តតាម​កម្រង​ភារកិច្ច ប្រកបដោយ​ភាព​ហ្មត់ចត់ ស្មោះត្រង់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ដំណើរការ​ស្រង់​បូក​ពិន្ទុ​បាន​ប្រព្រឹត្តិ​ទៅ ដោយមាន​កិច្ចសហការ​យ៉ាង​ល្អ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​រួមមាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ អាជ្ញាធរ​ដែនដី និង​កងកម្លាំង​មាន​សមត្ថកិច្ច​។

​​បន្ទាប់ពី​ប្រឡង​ចប់​ភ្លាម ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា ក្នុង​ដំណើរការ​ប្រឡង​រយៈពេល ២​ថ្ងៃនេះ បេក្ខជន​អវត្តមាន សរុប​ចំនួន ១៨៣៨ នាក់ ស្រី ៦៩៦​នាក់ ត្រូវជា ១,៥៧% នៃ​ចំនួន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​។ ក្នុងនោះ បេក្ខជន មាន​បញ្ហា​សុខភាព ចំនួន ១៥២​ករណី បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម អាច​បន្ត​ការប្រឡង​ទៀត​បាន លើកលែងតែ ១១​ករណី ត្រូវ​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ ពុំ​អាច​ត្រឡប់មក​បន្ត​ការប្រឡង​បាន​។​

​ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំ​២០១៩​នេះ មាន​បេក្ខជន បាន​ចុះឈ្មោះ​ប្រឡង​សរុប ១១៧០៤៣ នាក់ ស្រី ៦០៤២៧​នាក់ និង​មាន​មណ្ឌល​ប្រឡង ២០២ មណ្ឌល ត្រូវជា ៤៧២៥ បន្ទប់ នៅ​ទូទាំងប្រទេស​។ ក្នុងនោះ មាន​បេក្ខជន ២ នាក់ ត្រូវបាន​ក្រសួង សម្រេច​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ព្រោះតែ​យក​សំណៅ​ឯកសារ និង​ទូរស័ព្ទ​ចូល​បន្ទប់​ប្រឡង​ ។

សូមបញ្ជាក់ថា ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប )រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩ បាន​បិទ​បញ្ចប់ ដោយ​ជោគជ័យ ទោះ​ជាមាន​ភ្លៀង​ធ្លាក់ នៅ​មណ្ឌល​ខ្លះ​ក៏ដោយ​៕