ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាទទួលបានគម្រោងវិនិយោគ មានទុនប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក

 

ភ្នំពេញ៖  អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ២០១៩ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា សម្រេចផ្តល់ជូនដល់ក្រុមហ៊ុនវិនិយោគថ្មី ដែលវិនិយោគលើវិស័យផ្សេងៗគ្នា មានទុនសរុបប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះចិនឈរលំដាប់លេខ១ ក្នុងគម្រោងវិនិយោគពីបរទេស។

លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងនៅក្នុងការជំរុញវិនិយោគ កម្ពុជា-ចិន (ខេត្តសាន់ស៊ី) កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ។

លោកអគ្គលេខាធិការរងបានបញ្ជាក់ថា ដោយកម្ពុជាជាប្រទេសមានស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជាប្រទេសដែលមានរាជរដ្ឋាភិបាលជាអ្នកជំរុញគាំទ្រ និងផ្តល់ការចូលរួមការអភិឌ្ឍសេដ្ឋកិច្ច នៃវិស័យឯកជន ជាពិសេសច្បាប់វិនិយោគកម្ពុជាមានកិច្ចការពារ និងមានកិច្ចព្រមព្រៀងទ្វេរភាគីជាមួយប្រទេសជាមិត្តបន្ថែមទៀត ការធានាដល់វិនិយោគរបស់ក្រុមហ៊ុននីមួយៗមានភាពជឿជាក់ ជាពិសេសកម្ពុជាក៏បានចុះកិច្ចព្រមព្រៀងការយកពន្ធត្រួតស៊ីគ្នា ដែលជាជំហានមួយដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគបន្ថែម ។

ការវិនិយោគនេះ ក្រុមហ៊ុនចិនដែលមកវិនិយោគនៅកម្ពុជា បានឈានមុខគេនៅគ្រប់វិស័យមានវិស័យកសិកម្ម វិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម និងវិស័យទេសចរជាដើម ។

ជាក់ស្តែងគិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០១៩ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ សម្រេចផ្តល់ជូនដល់ក្រុមហ៊ុនវិនិយោគ ថ្មី ដែលវិនិយោគលើវិស័យផ្សេងៗគ្នា មានទុនសរុបប្រមាណជាង ៤ ពាន់លានដុល្លារអាមេរិក ក្នុងនោះក្រុមហ៊ុនមកពីប្រទេសចិនឈរលំដាប់លេខ១ នៃគម្រោងវិនិយោគពីបរទេស និងឈរក្នុងលំដាប់ថ្នាក់លេខ២ បន្ទាប់ពីគម្រោងវិនិយោគក្នុងស្រុក។

លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយនេះ ជាមួយនឹងស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ ជាមធ្យម ៧,៧% ក្នុងមួយឆ្នាំ ។

លោក ហូវ សឹជាវ អគ្គលេខាធិការសាខាបក្សកម្មុយនីសចិន មកពីមន្ទីរកម្មសិទ្ធបញ្ញា នៃខេត្តសាន់ស៊ី ថ្លែងលើកឡើង ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ បានកើតឡើងយ៉ាងផុលផុស ក្នុងនោះកម្ពុជា-ចិនបានបង្កើតនូវផ្នែកកម្មសិទ្ធបញ្ញា ដោយបានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីការពារផលិតផល ដែលកំពុងចរាចរក្នុងនិងក្រៅស្រុក ជាពិសេសបណ្តាក្រុមហ៊ុនចិន មកវិនិយោគនៅកម្ពុជា បានការពារយ៉ាងតឹងរឹងក្នុងការធ្វើអាជីវកម្មរបស់ខ្លួន ។

លោកអគ្គលេខាធិការសាខាបក្សកម្មុយនីសចិនសង្ឃឹមថា អ្នកវិនិយោគចិនទាំងអស់ ជាពិសេសអ្នកវិនិយោគមកពីខេត្តសាន់ស៊ី នឹងសិក្សាក្នុងគម្រោងវិនិយោគរបស់ខ្លួនបន្ថែមទៀត ខណៈកម្ពុជាកំពុងមានសក្តានុពលគ្រប់បែបក្នុងការវិនិយោគ ៕