ភ្នំពេញ៖ អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ធនាគារពាណិជ្ជបានផ្តល់ឥណទានប្រមាណជិត ១០ម៉ឺនប៊ីលានរៀល ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៩ នេះ ការផ្តល់ឥណទានដោយធនាគារពាណិជ្ជ មានទំហំទឹកប្រាក់កើនឡើងប្រមាណជាង ៥៤ម៉ឺនប៊ីលានរៀល ។
ប្រាក់ឥណទាន ដែលផ្តល់ដោយធនាគារពាណិជ្ជ ក្នុងនោះ គ្រឹះ ស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត មានទំហំទឹកប្រាក់ជិត ២ម៉ឺនប៊ីលានរៀល ។
ដោយឡែកគ្រឹះស្ថានមិនមែនបម្រើសេវាហិរញ្ញវត្ថុដូចជា ផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឧស្សាហកម្មរ៉ែ កម្មាន្តសាល ការផ្គត់ផ្គង់សេវាសាធារណៈ សំណង់ ការជួញដូរ-ដុំរាយ សណ្ឋាគារនិងភោជនីយដ្ឋានការដឹកជញ្ជូននិងស្តុកបណ្តោះអាសន្ន ។
បណ្តាញព័ត៌មាននិងទូរគមនាគមន៍ អាជីវកម្មជួល ការជួញដូរអចលទ្រព្យ និងសេវាកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗទៀត មានទំហំកើនឡើងជាង ៤១ម៉ឺនប៊ីលានរៀល ។
ចំណែកតម្រូវហិរញ្ញវត្ថុផ្ទាល់ខ្លួនដូចជា ការឲ្យប្រាក់ខ្ចីជាបុគ្គល ការឲ្យខ្ចីតាមរយៈប្រើប្រាស់ប័ណ្ណឥណទាន ការឲ្យខ្ចីទិញផ្ទះសម្បែងជាកម្មសិទ្ធផ្ទាល់ខ្លួន និងសេវាកម្ចីឥណទានផ្សេងៗទៀត មានទំហំទឹកប្រាក់ជាង ១១ ម៉ឺនប៊ីលានរៀល ក្នុងនោះចំពោះការផ្តល់ឥណទានដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏មានទំហំទឹកប្រាក់ជាង ១១ម៉ឺនប៊ីលានរៀលផងដែរ ។
ការផ្តល់ឥណទានដោយធនាគារពាណិជ្ជ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុ គ្រឹះស្ថានមិនបម្រើសេវាហិរញ្ញវត្ថុតម្រូវការផ្ទាល់ខ្លួន និងឥណទានផ្សេងៗទៀត មានទំហំទឹកប្រាក់កើនឡើងជាង ៥៤ម៉ឺនប៊ីលានរៀល សម្រាប់បម្រើសេវាក្នុងតម្រូវការ ៕