ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបែងចែកដីសង្គមកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ចជំហានទី០២

ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាជាមួយលោកស្រី ចំរើន មុទិតា នាយកគម្រោង LASED II របស់ធនាគារពិភពលោក (WB) ប្រចាំកម្ពុជា ដើម្បីរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី០២ (LASED II) នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ។

លោកស្រីចំរើន មុទិតា បានបញ្ជាក់ឲ្យដឹងថា បេសកកម្មរបស់ WB បានចុះមកវាយតម្លៃលទ្ធផលពាក់កណ្តាលគម្រោងនៅខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តក្រចេះ ។ បច្ចុប្បន្នសម្បទានិកបានក្លាយជាម្ចាស់ដី ម្ចាស់កសិដ្ឋាន ចេះគិតគូ ដឹកនាំ គ្រប់គ្រង រៀបចំទុកដាក់កូនឲ្យមានគូស្រករ ក្មេងៗបានចូលរៀន ធានាបាននូវសន្តិស្បៀង និងអាហារូបត្ថម្ភ និងជាពិសេសនោះមានគ្រួសារប្រហែល ៣០-៤០% នៃគម្រោង មានចំណូលរហូត ដល់ទៅ ៣០០០ដុល្លារ/ឆ្នាំ ហើយគ្រួសារខ្លះមានលទ្ធភាពទិញរថយន្ត និងត្រាក់ទ័រមកប្រើប្រាស់ផ្ទាល់ខ្លួន។

 សម្រាប់ LASED III លោកស្រីជម្រាបជូនថា គម្រោងនឹងពិនិត្យលើតុល្យភាពនៃប្រាក់ចំណូលរបស់ពួកគាត់ សិក្សានិងវាយតម្លៃលើហេតុផលពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាបង្កើនភាគរយនៃគ្រួសារដែលមានប្រាក់ចំណូល ៣០០០ដុល្លារ/ឆ្នាំ ឲ្យឡើងដល់ជាង ៥០% និងកើនឡើងជាបន្តបន្ទាប់ សមស្របការកើនឡើងសមាជិកគ្រួសារ និងសេដ្ឋកិច្ចសង្គម។ ករណីនេះ លោកស្រីក៏បានស្នើឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ពិនិត្យពិចារណាបង្កើនទំហំដីផ្តល់ជូនពួកគាត់ឲ្យបានពី ២-៣ហិកតា ចំពោះគ្រួសារដែលយកទៅបង្កបង្កើនផលពិតប្រាកដ។

លោករដ្ឋមន្រ្តី វេង សាខុន បានថ្លៃងថា​ WB ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអនុវត្តគម្រោងក្នុងគោលបំណងអភិវឌ្ឍដីសម្បទានសង្គមកិច្ចដែលរដ្ឋបានចែកជូនឲ្យប្រជាពលរដ្ឋក្រីក្រយកទៅ កសាងលំនៅឋានថ្មី និងបង្កបង្កើនផល។

 លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្លូវទៅកាន់គោលដៅនៅវែងឆ្ងាយ ដែលទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួម សហការណ៍ឲ្យបានពេញលេញ មានឆន្ទ: និងឧត្តមគតិ ធ្វើយ៉ាងណាឲ្យសម្បទានិកទាំងអស់នោះកើតមកត្រូវរស់បានយ៉ាងរឹងមាំទាំងផ្លូវចិត្ត ផ្លូវកាយ និងសេដ្ឋកិច្ចគ្រួសារ ស្របតាមគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល។

លោក រដ្ឋមន្រ្តីស្នើសុំឲ្យគម្រោងសិក្សាពីលទ្ធភាពនៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីឲ្យស្របតាមអភិក្រម រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ-សហគមន៍ ហើយក៏គួរសិក្សាពីកម្ចីឥណទានការប្រាក់ទាបផងដែរដើម្បីផ្តល់ឲ្យកាសឲ្យពួកគាត់ពង្រីកផលិតកម្ម ឬអាជីវកម្មបន្ថែម។

សូមបញ្ជាក់ជូនថា គោលបំណងចំបងរបស់គម្រោង LASED II នេះគឺជួយលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលគម្រោងនេះបានជួយគាំទ្រដល់គម្រោងសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការចែកដីឲ្យកសិករគ្មាន និងមានដីតិចតួចដើម្បីប្រកបរបបកសិកម្មចិញ្ចឹមគ្រួសារ។ គម្រោងមានរយ:ពេល ០៥ឆ្នាំ ដោយចាប់ពីឆ្នាំ ២០១៧-២០២២ ដែលត្រូវចំណាយថវិកាសរុប ២៥លានដុល្លារ ៕