ភ្នំពេញ៖ យោតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីទីក្រុងហាណូយ ប្រទេសវៀតណាម វិល ត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ និងជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី និងមន្រ្តីសំខាន់ៗព្រមទាំងអ្នកវិនិយោគគិនវៀតណាមអស់រយៈពេល២ថ្ងៃកន្លងមកនេះ។
ប្រទេសយើងទាំងពីរបានសម្រេចនូវការងារសំខាន់ៗជាច្រើន រួមទាំងរួមគ្នាជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការលើកទឹកចិត្តនឹងគៀងគរអ្នកវិនិយោគពីវៀតណាមមកវិនិយោគ នៅកម្ពុជាអោយបានច្រើន ថែមទៀត ជាពិសេសប្រទេសយើងទាំងពីរសម្រេចបានដំណោះស្រាយបញ្ហាព្រំដែនរួម ដែលមកទល់ពេលនេះយើងបានឯកភាពដោះស្រាយបាន ៨៤% ហើយ យើងនឹងខិតខំបន្តទៀតដើម្បីដោះស្រាយបញ្ចប់។ នេះជាការខិតខំរបស់ រាជរដ្ឋាភិបាល ក្នុងការប្រែ ក្លាយ ខ្សែព្រំដែននៃប្រទេសជិតខាងយើង ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ ខ្ញុំនឹងចាកចេញពី វៀតណាម នៅម៉ោង ៤:០០ល្ងាចនេះ៕