ប្រព័ន្ធផ្សព្វផ្សាយ Channel NewsAsia បានចុះផ្សាយថា កិច្ចចរចាពាណិជ្ជកម្មនៅជុំថ្មីរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ទំនងជាមិនទទួលជោគជ័យទេ ដោយសារភាគីចិនបានបង្ហាញភាពស្ទាក់ស្ទើររួចជាស្រេចទៅហើយមុនកិច្ចចរចាបានចាប់ផ្តើម ។
តាមគម្រោង មន្ត្រីតំណាងផ្នែកពាណិជ្ជកម្មចិន និងអាមេរិក នឹងជួបចរចាសាជាថ្មី នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលានេះ នៅទីក្រុងវ៉ាស៊ីនតោន ។ ប៉ុន្តែលោក Liu He ឧបនាយករដ្ឋមន្ត្រីចិន បានលើកឡើងថា ការដាក់សម្ពាធបន្ថែមពីអាមេរិកលើចិន ជាមូលហេតុដែលនាំឲ្យចិនស្ទាក់ស្ទើរក្នុងការយល់ព្រមតាមការចង់បានរបស់អាមេរិក ។
សម្ពាធដែលអាមេរិកបានដាក់លើចិន គឺការគម្រាមដំឡើងតម្លៃពន្ធពី២៨.៧%ដល់២៥១.៦% លើតម្លៃទំនិញរបស់ចិនក្នុងតម្លៃទឹកប្រាក់៤.៤ពាន់លានដុល្លារ សម្រាប់សម្ភារៈផ្ទះបាយ និងសម្ភារៈពាក់ព័ន្ធនឹងគ្រឿងសង្ហារឹម ៕