ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទួរគីសហការណ៍ជាមួយក្រុមឧទ្ទាមស៊ីរី វាយប្រហារលើក្រុមខឺតជាសម្ព័ន្ធមិត្តអាមេរិកនៅស៊ីរី

លោក Fahrettin Altun នាយកទំនាក់ទំនងរបស់ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានផ្ញើសារតាមប្រព័ន្ធ Twitter ថា កងកម្លាំងយោធាទួរគី សហការណ៍ជាមួយក្រុមអ្នកប្រយុទ្ធរបស់ពួកឧទ្ទាមនៅប្រទេសស៊ីរី នឹងបើកការវាយប្រហារនៅថ្ងៃពុធ ទី០៩ ខែតុលានេះ ទៅលើកងកម្លាំងរបស់ក្រុមកុលសម្ព័ន្ធខឺត (Kurd) ដែលជាសម្ព័ន្ធមិត្តអាមេរិកនៅលើទឹកដីប្រទេសស៊ីរី ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters ។

លោក Fahrettin Altun បានសរសេរបន្ថែមថា ទួរគី និងក្រុមឧទ្ទាមស៊ីរី នឹងវាយប្រហារដណ្តើមយកទីតាំងកាន់កាប់របស់ក្រុមកុលសម្ព័ន្ធខឺតនៅជាប់ព្រំដែនរវាងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ជាទីតាំងរឹងមាំរបស់ក្រុមកុលសម្ព័ន្ធមួយនេះ ។

សូមបញ្ជាក់ជូនថា កងទ័ពជំនាញរបស់សហរដ្ឋអាមេរិក បានបំពាក់គ្រឿងសព្វាវុធដល់ក្រុមកុលសម្ព័ន្ធខឺតនៅតាមព្រំដែនអ៊ីរ៉ាក់ និងស៊ីរី ក្នុងគោលដៅប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវនិយម ប៉ុន្តែអាមេរិកបានប្រកាសដកងទ័ពចេញតំបន់នេះ ដែលធ្វើឲ្យក្រុមកុលសម្ព័ន្ធខឺត គ្មានខ្នងបង្អែក និងនៅតែលតោលប្រឈមនឹងការវាយប្រហារពីទួរគី និងក្រុមឧទ្ទាមស៊ីរី ៕