ចិន៖ លោកបណ្ឌិត ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងវេទិកាថួឡឹឆ្នាំ២០១៩ ក្រោមមូលបទ ”ការធ្វើសមាហរណកម្មកសាងខ្សែក្រវ៉ាត់ និងផ្លូវ ការចែករំលែកអត្ថប្រយោជន៍នៃពិភពសេដ្ឋកិច្ចបើកចំហ” កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងផាន់ចូវ ខេត្តគួយចូវ ប្រទេសចិន។
នៅក្នុងវេទិកានោះ ក៏មានពិធីសម្ពោធពន្លាជាតិកម្ពុជា ដើម្បីដាក់តាំងបង្ហាញផលិតផលខ្មែរ ជូនដល់អ្នកវិនិយោគ ចិន និងភ្ញៀវអន្តរជាតិ ដែលជាតំណាងបណ្តាប្រទេសដទៃទៀតផងដែរ។
ក្នុងឱកាសនោះ លោកបណ្ឌិត ឈួន ដារ៉ា បានមានប្រសាសន៍ថា យុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់សាធារណរដ្ឋប្រជាមានិតចិន គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ ដ៏មានសារៈសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រទេសចិន ហើយជាការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងប្រជាជនចិន និងប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ដែលនឹងបង្កើតបានជាកម្លាំងចលករថ្មី ដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ចពិភពលោកថែមទៀត។ នៅក្រោមក្របខណ្ឌនៃយុទ្ធសាស្ត្រនេះ បានជួយពង្រឹងទំនាក់ទំនង រវាងកម្ពុជា និងចិន ឲ្យឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្នុងនាមជាប្រទេសកិត្តិយស កម្ពុជាបានរៀបចំកម្មវិធី “រាត្រីកម្ពុជា” ក្រោមអធិបតីភាព លោកបណ្ឌិត ឈួនដារ៉ា និង ហឺ ឡី អនុប្រធានសភាខេត្តគួយចូវ ប្រទេសចិន រួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសដទៃទៀត ដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមក្នុងវេទិកានេះ ជាពិសេសដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីជាតិខ្មែរ តាមរយៈការសម្តែងសិល្បៈកម្ពុជា របស់ក្រុមសិល្បៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា រួមគ្នាជាមួយក្រុមសិល្បៈរបស់ប្រទេសចិន។
តាមរយៈការចូលរួមវេទិកាថួឡឹឆ្នាំ២០១៩នេះ លោករដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងអំពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងកំណែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគិនមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា និងចិន កាន់តែមានវឌ្ឍភាពថែមទៀត ៕