ភ្នំពេញ៖ លោក លិ សុខា ចៅក្រម សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសថៅកែជួញដូរគ្រឿងញៀនម្នាក់ដាក់ពន្ធនាគារ រយៈពេល ២៥ឆ្នាំ និងពិន័យជាប្រាក់ ៦០លានរៀលដាក់ចូលថវិការដ្ឋ។ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ ។
ជនជាប់ចោទមានឈ្មោះ ម៉េង រតនា ហៅ ខ្វៃ ភេទប្រុស អាយុ ៤២ឆ្នាំ ត្រូវតុលាការចោទប្រកាន់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
ពេលសមត្ថកិច្ច ឃាត់ខ្លួន ដកហូត វត្ថុតាង គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ហៅ ម៉ាទឹកកក ទម្ងន់ ១៥,៨១២.៦៩ក្រាម (ជិត ១៦គីឡូក្រាម) និង គ្រឿងញៀនប្រភេទ ហេរ៉ូអ៊ីន (Heroine) ទម្ងន់ ៧០១.៧៤ ក្រាម ( ជិត ១គីឡូក្រាម ) ។
គួររម្លឹកថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានឃាត់ខ្លួនឈ្មោះ ម៉េង រតនា ហៅ ខ្វៃ នៅក្បែរ ស្ថានទូតចិន សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕