ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចប្រមូលចំណូលសរុបបានប្រមាណជាង ៩.៧ ទ្រីលានរៀល (ប្រមាណ ២,៣៩១ លានដុល្លារអាមេរិក) កើនឡើងប្រមាណ ៣៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។
លទ្ធផលចំណូលនេះត្រូវប្រមាណជា ១០៦% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធនិងអាករសំខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះពន្ធគយ (ពន្ធនាំចូល)មានកំណើនជិត៣៨%, អាករពិសេសកើនប្រមាណ ៣៩% និងអាករលើតម្លៃបន្ថែម(VAT)កើនជាង៣២%។
សូមបញ្ជាក់ថា មុខទំនិញជាប្រភពចំណូលសំខាន់ៗរួមមាន ៖
១ – យានយន្តនិងគ្រឿងចក្រ គ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប
២- ប្រេងឥន្ធនៈនិងថាមពលប្រមាណជិត ១៧% នៃចំណូលសរុប
៣- ទំនិញចម្រុះនិងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំណូលសរុប៕