ក្រុមអាជ្ញាធរទទួលបន្ទុកឧស្សាហកម្មទេសចរណ៍នៅប្រទេសថៃ បានប្រកាសថា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងកម្សាន្តនៅខេត្តភូកេត បានសម្រេចបញ្ចុះតម្លៃបន្ទប់ និងសេវាកម្មទេសចរណ៍ផ្សេងទៀត៥០% កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលានេះ ។
ការបញ្ចប់តម្លៃ៥០%សម្រាប់តម្លៃបន្ទប់ និងសេវាកម្មទេសចរណ៍ ត្រូវបានធ្វើឡើងខណៈដែលកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរទៅកាន់ទីរមណីយដ្ឋានឆ្នេរសមុទ្រ អាន់ដាម៉ាន (Andaman sea) បានធ្លាក់ចុះខ្លាំងកាលពីឆ្នាំ២០១៨កន្លងទៅ ។
ប្រាក់ចំណូលដែលបានមកពីវិស័យទេសចរណ៍ គឺមានអត្រា១៨%ប្រៀបធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ ហើយការធ្លាក់ចុះនូវកំណើនភ្ញៀវទេសចរនៅកាន់ខេត្តភូកេតនេះ គឺជាសញ្ញាមិនល្អសម្រាប់វិស័យនេះ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅ ទីរមណីយដ្ឋានឆ្នេរសមុទ្រ អាន់ដាម៉ាន (Andaman sea) បានទទួលភ្ញៀវទេសចរ២លាន២សែននាក់ប៉ុណ្ណោះ ៕