ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 តំបន់ទេសចរណ៍នៅខេត្តកំពត កំពុងទាក់ទាញភ្ញៀវមកទស្សនាមានការកើនឡើង

 

កំពត៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកត់សម្គាល់ថា តំបន់ទេសចរណ៍ ធម្មជាតិនានា ដែលមាននៅតាមព្រែកកំពត ឬព្រែកកំពង់បាយ ស្រុកទឹកឈូ ខេត្តកំពត គឺជាតំបន់ដ៏សំខានសម្រាប់ទាក់ទាញកំណើនភ្ញៀវទេសចរ ឱ្យមកទស្សនាខេត្តកំពត ជាពិសេសភ្នំបូកគោ និងរមណីយដ្ឋានមួយចំនួនទៀត។

លោករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រៀម រៀបចំពិធីបុណ្យសមុទ្រលើកទី៨ នៅសាលាខេត្តកំពត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រី បានជំរុញឱ្យអាជ្ញាធរខេត្តកំពត ត្រូវសិក្សារៀបចំឱ្យនូវផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់ព្រែកកំពតនេះ ឱ្យបានលឿនបំផុត ដើម្បីឱ្យទាន់សភាពការណ៍បច្ចុប្បន្ន ដែលភ្ញៀវទេសចរក្នុងខេត្តកំពុងមានការកើនឡើង។

លោករដ្ឋមន្ត្រីថោង ខុន បានបញ្ជាក់ថា តំបន់ទេសចរណ៍នៅព្រែកកំពង់បាយនេះ មិនត្រូវឱ្យមានការកាប់ទន្ទ្រានព្រៃឈើនានា ដូចជាដើមចាក យកធ្វើដីចម្ការតទៅទៀតឡើយ ព្រោះធនធានធម្មជាតិទាំងនោះ ជាកត្តាចាំបាច់ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ ម្យ៉ាងទៀត ត្រូវរក្សាស្ថិរភាពទឹក និងភាពស្អាតនៅក្នុងព្រែកឱ្យបានជាប់ជានិច្ច។

នៅពេលភ្ញៀវទេសចរមកទស្សនាច្រើនឡើងហើយ រមណីយដ្ឋាននីមួយៗត្រូវចុះពង្រឹងគុណភាពសេវាកម្ម និងត្រូ្វបង្កើនការទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ កុំដំឡើងថ្លៃហួសហេតុពេក កុំលក់ទំនិញអន់គុណភាព ត្រូវបានបង្កើនសេវាស្នាក់នៅបន្ថែមទៀត ពិសេសត្រូវពង្រឹងអនាម័យចំណីអាហារ បញ្ហាសំរាម បរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងកុំបង្ហូរទឹកកខ្វក់ចូលក្នុងព្រែក។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា រយៈពេល៩ខែ ក្នុងឆ្នាំ២០១៩នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុប ១,៣១៣,៩២២នាក់ កើនឡើង ១៧.៤៨% ក្នុងនោះភ្ញៀវជាតិមានចំនួន ១,១៥៩,៩៩០នាក់ កើនឡើង ១៧.៥២% និងភ្ញៀវអន្តរជាតិមានចំនួន ១៥៣,៩៣២នាក់ កើនឡើង ១៧.១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨៕