ភ្នំពេញ៖ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ផ្តោតកិច្ចពិភាក្សា ពីស្ថានភាពសេដ្ឋកិច្ចតំបន់ បញ្ហាប្រឈម និងគោលនយោបាយដោះស្រាយ និងផែនការការងារ IMF យ៉ាងសំខាន់ សម្រាប់ការពារផលប្រយោជន៍ និងប្រទេសជាសមាជិក ។
លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៤-១៩ ខែតុលា ឆ្នាំ២០១៩ ។
មហាសន្និបាត បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាល នៃប្រទេសជាសមាជិក ដឹងពីលទ្ធផលសម្រេចបាននានា បញ្ហាប្រឈម និងគោលដៅការងារអាទិភាព នៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ជាពិសេការពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចតំបន់ បញ្ហាប្រឈម គោលនយោបាយដោះស្រាយ និងផែនការការងារនៃការិយាល័យតំណាងនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក នៅ IMF សម្រាប់ការពារផលប្រយោជន៍ និងសំឡេងប្រទេសជាសមាជិក ក្នុងការសម្រេចនានារបស់ IMF ដោយផ្ទាល់។
គណៈប្រតិភូធនាគារជាតិនៃកម្ពុជា បានជួបប្រជុំជាមួយប្រធាន និងថ្នាក់ដឹកនាំនាយកដ្ឋានអាស៊ីបាស៊ីហ្វិក និងនាយកដ្ឋានទីផ្សារទុន និងរូបិយវត្ថុរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីពិភាក្សាពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងតម្រូវការជំនួយបច្ចេកទេសពី IMF ។
លោក ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំតុមូល រវាងថ្នាក់ទេសាភិបាល និងរដ្ឋមន្ត្រីអាស៊ាន ជាមួយនាយិកាថ្មីរបស់ IMF គឺលោកស្រី Kristalina Georgieva ដោយកិច្ចប្រជុំនេះ មានគោលបំណងផ្តល់ឱកាសដល់ប្រទេសជាសមាជិកអាស៊ាន បង្ហាញពីបញ្ហាប្រឈមក្នុងបរិការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន និងពីតម្រូវការនានា ទៅកាន់ IMF ព្រមទាំងបានលើកឡើងពីការរីកចម្រើន និងបញ្ហាប្រឈមចម្បងៗរបស់សេដ្ឋកិច្ចកម្ពុជាផងដែរ ។
ក្នុងជំនួបខាងលើលោក ជា ចាន់តូ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីយន្តការសម្រាប់ឆ្នាំ២០១៩-២០២១ នៅក្នុងក្របខ័ណ្ឌអាស៊ាន។ អនុស្សរណៈយោគយល់នេះត្រូវបានចុះហត្ថលេខារៀងរាល់ពីរឆ្នាំម្តង ចាប់តាំងពី២០០៥ មក ក្នុងគោលបំណងបង្ហាញពីកិច្ចព្រមព្រៀង ជួយផ្តល់សន្ទនីយភាពឱ្យគ្នាទៅវិញទៅមក ក្នុងចំណោមប្រទេសសមាជិកអាស៊ាន សម្រាប់ពង្រឹងបណ្តាញការពារសុវត្ថិភាពហិរញ្ញវត្ថុអាស៊ាន៕