អ្នកជំនួញផ្នែកអចលនទ្រព្យបានលើកជាទស្សនទានថា សហគ្រិននៅកម្ពុជាដែលមានបំណងចង់រកស៊ីលើវិស័យដីធ្លីនិងមុនវិនិយោគវិស័យអ្វីមួយត្រូវស្រាវជ្រាវឲ្យបានច្បាស់មុនដាក់ទុករកស៊ីនិងវិនិយោគនោះ។
លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានមានប្រសាសន៍បញ្ជាក់នៅថ្ងៃទី២៣ខែតុលានេះថា តាមពិតទៅរាល់ការវិនិយោគលើវិស័យដីធ្លី ដើម្បីបញ្ជៀសហានិភ័យនោះ អ្នកត្រូវធ្វើការស្រាវជ្រាវ មុនពេលអ្នកវិនិយោគលើអចលនទ្រព្យណាមួយអ្នកនឹងត្រូវការស្រាវជ្រាវយ៉ាងពេញលេញពីអចលនទ្រព្យនិងតំបន់ជុំវិញទាំងទីក្រុងក៏ដូចជាតាមបណ្តាខេត្ត។
លោកឧកញ៉ាបានថ្លែងទៀតថា«ការដឹងព័ត៌មានលំអិតអំពីទ្រព្យសម្បត្តិទាំងអស់នឹងជួយអ្នកក្នុងការសម្រេចថាតើវាមានតម្លៃយ៉ាងណានៅពេលបច្បុន្ននេះ តម្លៃអនាគតរំពឹងលើអ្វីខ្លះ ហើយអាចជួយបញ្ជាក់ពីគោលដៅវិនិយោគរយៈពេលវែងផងដែរ»។
លើសពីនេះឧកញ៉ាបញ្ជាក់ថា បើមិនប្រាកកដត្រូវសុំជំនួយឬប្រឹក្សារយោបល់ជាមួយអ្នកជំនាញ ទោះបីជាអ្នកមានអារម្មណ៍សុខស្រួលនិងសុវត្ថភាពក្នុងការធ្វើវិនិយោគក៏ដោយ ព្រោះជាមធ្យោបាយល្អក្នុងការជួយ បញ្ជាក់ពីអ្នកឯកទេស ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការវិនិយោគ។
លោកប្រធានបន្ថែមទៀតថា« ខ្ញុំសូមឲ្យបងប្អូនយើងព្យាយាមនិយាយជាមួយអ្នកជំនាញទាំងនោះជាមុនមុនសិន មុនពេលធ្វើការវិនិយោគដោយពិភាក្សាជាមួយភ្នាក់ងារអចលនទ្រព្យដើម្បីស្វែងយល់បន្ថែមអំពីតម្លៃនៃអចលនទ្រព្យនេះ និងតម្លៃអចលទ្រព្យជុំវិញទីតាំងដែលលោកអ្នកកំពុងតែវិនិយោគនោះ»។
សម្រាប់ វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាត្រូវបានអ្នកជំនាញចាត់ទុកថា នៅតែវិវត្តន៍ល្អទៅមុខហើយគ្មានឧបសគ្គរារាំងដល់ការវិនិយោគនោះទេ ពោល អ្នកវិនិយោគនិងក្រុមហ៊ុនជាច្រើនកំពុងតែរកស៊ីជាធម្មតា។