ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំរៀបចំធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់ ស្តីពីអន្តោ ប្រវេសន៍ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ។
កិច្ចប្រជុំនេះក្រោមអធិបតីភាព លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
លោកសន្តិបណ្ឌិត សុខ ផល មានប្រសាសន៍ថា កិច្ចប្រជុំក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ ដែលមានសមាសភាពក្រុមការងារចំនួន១២នាក់ ដែលរួមគ្នាពិភាក្សា ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់នេះអនុវត្តចំពោះជនអន្តោប្រវេសន៍គ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព។ ហើយការធ្វើវិសោធនកម្មច្បាប់នេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ ដើម្បីឲ្យសមស្របតាមការវិវត្តន៍របស់សង្គមបច្ចុប្បន្ន។
លោកសន្តិបណ្ឌិតបានបញ្ជាក់ថា ជាក់ស្តែងសម្រាប់ប្រទេសកម្ពុជា ការធ្វើច្បាប់អន្តោប្រសេន៍នេះគឺ មានចំនួនពីរលើករួចមកហើយ ។
លើកទី១ គឺនៅក្នុងឆ្នាំ១៩៥៦ នៅពេលដែលព្រះករុណា សម្ដេច ព្រះនរោត្តម សីហនុ ព្រះអង្គដាក់រាជ្យ ធ្វើជានាយករដ្ឋមន្ត្រី ហើយ ព្រះអង្គបានចាត់ចែងកសាងច្បាប់អន្តោប្រវេសន៍នេះជាដំបូងនៅព្រះរាជាណាចក្រកម្ពុជា ហើយច្បាប់នោះបានអនុវត្តរហូតមកដល់ឆ្នាំ ១៩៧០។
ចំណែកលើកទី២ ច្បាប់អន្តោប្រវេសន៍នេះ ត្រូវបានយកមកកែសម្រួល និងបង្កើតថ្មីម្តងទៀតនៅឆ្នាំ ១៩៩៤ ហើយបានអនុវត្តរហូតមកដល់សព្វថ្ងៃនេះ៕