ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំណើននៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនអាចកើនដល់ ២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ 

ភ្នំពេញ៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាន សូរស័ក្តិ បានឲ្យដឹងថា កម្ពុជា និងជប៉ុន មានចំណងមិត្តភាពជាយូរមកហើយ ហើយប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតទាំងវិស័យការទូត និងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសន្ទុះកើនទ្បើងស្មើនឹង ១,៦ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ កើនប្រមាណ ១០% ធៀបទៅឆ្នាំ២០១៧ ហើយអាចកើនដល់ ២ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ នាពេលខាងមុខ។

លោកប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានស្ថេរភាពនយោបាយពេញលេញ កម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ ៧,២ អស់រយ:ពេលជាងពីរទសវត្សរ៍មកនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនជប៉ុនជាច្រើនបាននឹងកំពុងពង្រីកអាជីវកម្មនៅកម្ពុជា និងបានផលិតផលិតផលមួយចំនួននាំទៅប្រទេសថៃ តាមកម្មវិធីថៃបូកមួយ ជាមួយគ្នានេះផងដែរ ផ្សារអ៊ីអនទីបី នឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខនេះ។

លោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានគូសបញ្ជាក់ថា ចំនួនវិនិយោគិន និងក្រុមហ៊ុនជប៉ុននៅកម្ពុជាមានការ កើនទ្បើងជាបន្តបន្ទាប់ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចជួយឲ្យប្រជាជនប្រទេសទាំងពីរកាន់តែយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធ ហើយកត្តាស្ថេរភាពនយោបាយបាននាំឲ្យកំណើនសេដ្ឋកិច្ចកម្ពុជារក្សាបានប្រមាណ ៧,២%។

លោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងការផ្គូរផ្គងវិនិយោគិន និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគផ្ទាល់ពីជប៉ុន៕