ភ្នំពេញ៖ ក្រសួងទេសចរណ៍ រំពឹងថា វិស័យទេសចរ នឹងទទួលភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៦,៧លាននាក់ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរ ៤,៣លាននាក់ កើនឡើងប្រមាណជាង ១០% ផងដែរ ។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងបែបនេះនៅក្នុងព្រឹត្តិការពិរព័ណ៌ នៃរបៀបរស់នៅ ផលិតផលស្រា អាហារពេលល្ងាច និងសេវាកម្មវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នេះ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍បានបញ្ជាក់ថា វិស័យទេសចរបានចូលរួមចំណែក លើកកម្ពស់ ថែរក្សា ការអភិវឌ្ឍ សម្បត្តិវប្បធម៌ និងធនធានធម្មជាតិប្រទេស និងជាការចូលរួមកាត់បន្ថយការកើនឡើងនៃកំដៅផែនដី ពោលគឺចូលរួមគំាទ្រការអភិវឌ្ឍជាតិប្រកបដោយចីរភាព ។ ព្រោះវិស័យទេសចរ ផ្អែកតាមគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល កម្ពុជាបានកំពុងអភិវឌ្ឍន៍វិស័យទេសចរ ជាគោលដៅទេសចរស្អាត និងបៃតង ការផ្តល់សេវាប្រកបដោយគុណភាព និងការផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជាដើម។
ជាក់ស្តែងនៅក្នុងរយៈពេល៨ ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវ ទេសចរអន្តរជាតិប្រមាណជាង ៤,៣ លាននាក់ បានកើនឡើងជាង ១០% ។ ចំណែកក្នុងរយៈពេលមួយឆ្នាំ នៅក្នុងឆ្នាំ២០១៩ នេះ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជាង ៦,៧ លាននាក់។ ក្នុងនោះជាចក្ខុវិស័យ នៅឆ្នាំ២០២០ កម្ពុជានឹងរំពឹងនៃការកើនឡើងប្រមាណ ៧ លាននាក់ បានបង្កើតការងារដោយផ្ទាល់ប្រមាណ ១លាននាក់ ។
ចំណែកនៅឆ្នាំ២០២៥ ទេសចរអន្តរជាតិមានចំនួន ១១លាននាក់, និងឆ្នាំ២០៣០ ប្រមាណ១៥លាននាក់ នឹងបន្តបង្កើតឱកាសការងារប្រមាណ ២លាននាក់ផងដែរ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍តាំងពិព័រណ៌ ដែលរៀបចំឡើងដោយសមាគមហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិ (InFEA) ឧបត្ថម្ភដោយ ធនាគារកាណាឌីយ៉ា ភីអិលស៊ី, Wonder Capital Group នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៩នេះ ៕