ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហ៊ុន ម៉ាណែត៖ ខ្មែរខ្លាំងមិនអាស្រ័យលើក្រុមហ៊ុនបរទេសខ្លាំង​​ទេគឺអាស្រ័យក្រុមហ៊ុនខ្មែរខ្លួនឯងខ្លាំង

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិនិងជាមេបញ្ជាការកងទ័ពជើងគោកមេបញ្ជការនៃបញ្ជាការដ្ឋានជាតិ កំលាំងពិសេសប្រឆាំងភេរវកម្មបានចាត់ទុកថា ខ្មែរខ្លាំងមិន​អាស្រ័យ​ទៅ​លើ​ក្រុមហ៊ុនបរទេសខ្លាំងនោះទេគឺអាស្រ័យក្រុមហ៊ុនខ្មែរខ្លួនឯងខ្លាំងក្នុងនោះវិស័យឯកជនខ្មែរខ្លាំង គឺជាកត្តាមួយក្នុងចូលរួមលើកស្ទួយសេដ្ឋកិច្ចខ្មែរពិតៗ ។

នៅក្នុង“កម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជាCEO Award 2019”នៅថ្ងៃទី២៦ខែតុលាឆ្នាំ ២០១៩នេះលោកមានប្រសាសន៍ថាការវាស់ស្ទង់នៃការរីកចម្រើនរបស់ក្រុមហ៊ុននិមួយៗមិនខុសពីប្រទេ​ស​​​ជាតិនោះ​ឡើយក្នុង​នោះ​មានចំណុចពីរទី១គឺកំណើនដែលផ្ដោតលើតួលេខនិងលទ្ធផលទី២កម្រិត​នៃការអភិវឌ្ឍដែលផ្តោតលើកត្តាពីរសំខាន់ៗពីរផ្សេងទៀតគឺកត្តាមនុស្ស(People)និងកត្តារបៀប​​របបការ​ងារ (Process)ដែលជាកត្តាសំខាន់ក្នុងការធានានិរន្តរភាពចីរភាព។

លោកបានមានប្រសាសន៍ទៀត​​​ថា​​បញ្ហានេះក្រុមហ៊ុនត្រូវការបុគ្គលិកដែលមានសុខភាពសមត្ថភាពចំ​​ណេះ​ដឹងនិងការទទួលខុសត្រូវចំណែកប្រធានក្រុមហ៊ុនក៏មានសមត្ថភាពនិងសីលវិធី ក្នុងការដឹកនាំ ដែល​​​ធ្វើឲ្យក្រុមហ៊ុន​ជោគ​ជ័យ​​និងរួមគ្នាដើម្បីឲ្យវិស័យឯកជនជោគជ័យវិស័យឯកជនជោគជ័យធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសយើងជោគជ័យ ជាក់ស្តែង CEO Master Club កំពុងចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ។

លោកឧត្តមសេនីយ៍ឯកបន្ថែមថា ប្រទេសយើងរីកចម្រើនក្រុមហ៊ុនក៏ត្រូវតែរីកចម្រើនចំណែកសក្តានុពលរបស់​យើងគឺត្រូវរីកចម្រើនដូច្នេះខ្មែរខ្លាំងមិនអាស្រ័យទៅលើក្រុមហ៊ុនបរទេស​ខ្លាំងនោះទេគឺអាស្រ័យ​លើក្រុមហ៊ុនខ្មែរ​ខ្លួន​ឯង​ខ្លាំង​ក្នុង​នោះវិស័យឯកជនខ្មែរខ្លាំងគឺជាកត្តាមួយក្នុងការចូលរួមលើកស្ទួយសេដ្ឋកិច្ចខ្មែរពិត។

លើសពីនេះលោកចាត់ទុកថា«ក្រុមហ៊ុនខ្មែរមិនលើកក្រុមហ៊ុនទៅណាឡើយព្រោះជាប្រទេសរបស់ខ្លួនដែលផ្ទុយពីការវិនិយោគរបស់បរទេស គេអាចប្តូផ្លាស់ឬការលើកទៅវិនិយោគនៅប្រទេសផ្សេង​ប៉ុន្តែកម្ពុជាទោះបីមាន​លទ្ធភាព​ពង្រីក​​ទៅប្រទេសផ្សេងក៏មិនចោលមូលដ្ឋានប្រទេសកំណើតដែរ ព្រោះគ្រប់វិស័យខ្មែរត្រូវតែរឹងមាំម្ចាស់ការលើខ្លួនឯង»។

សម្រាប់ ​​លោក អោម សេង បូរ៉ា ស្ថាបនិករបស់ CEO Master Club និងវិទ្យាស្ថានស៊ីអ៊ីអូបានលើកឡើងថា« បើយើងទាំងអស់គ្នាចង់ឲ្យកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័សដាច់ខាតត្រូវតែជួយកសាងសមត្ថភាព និង​ជ្រោម​ជ្រែងសហគ្រិននៅក្នុងស្រុកឲ្យមានភាពរឹងមាំ ព្រោះសហគ្រិនបានបង្កើតផលិត​​​ផល​​​​សេវាកម្មឆ្លើយតបតម្រូវការរបស់សង្គមជាតិ ការបង្កើតការងារ និងប្រាក់ចំណូលជូនប្រ​ជាពលរដ្ឋការចូល​រួមចំណែក​កសាង​គុណ​ភាព​ធនធានមនុស្សបាន» ។

លោកបន្ថែមទៀតថា ក្រៅពីនេះបាន​​ចូលរួមបង្កើនចំណូលពន្ធជូនរដ្ឋបានច្រើន ដែលទាំងនេះបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជម្រុញឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនបានឆាប់រហ័សនិងរឹងមាំ យូរអង្វែង។

CEO Master Club គឺជាស្ថាប័នប្រមូលផ្ដុំ និងបង្វឹកម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម នៅកម្ពុជាឱ្យក្លាយទៅជាអគ្គនាយកដែលមានលក្ខណៈអាជីព និងមានសមត្ថភាពខ្ពស់ ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែង​ស្ថាប័នអាជីវកម្មរបស់​ខ្លួន​ពី​តូច​ទៅ​ធំពីលក្ខណៈគ្រួសារទៅស្តង់ដារពង្រីកបណ្តាញការលក់កាន់តែទូលាយ លើកកេរ្តិ៍ឈ្មោះអាជីវកម្មរបស់ខ្លួនបានកាន់តែខ្លាំង ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកឱ្យមានភាពរឹងមាំ។

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ CEO Master Club បានបណ្ដុះបណ្ដាលសហគ្រិនកម្ពុជាបានចំនួនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្ម ចំនួនប្រមាណជាង១ពាន់នាក់គ្រប់គ្រងអាជីវកម្មប្រមាណ ២ពាន់ក្រុមហ៊ុន ដោយ​​​​បាន​បង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារក្នុង១ឆ្នាំ និងបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ១០ម៉ឺននាក់ផងដែរ ៕