ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជរដ្ឋាភិបាលនឹងតម្លើងប្រាក់បៀវត្សជូនមន្រ្តីរាជការនិង​​កងកំលាំងប្រដាប់អាវុធ

រាជរដ្ឋាភិបាលនឹងតម្លើងប្រាក់បៀវត្ស ជូនមន្រ្តីរាជការស៊ីវិល នឹងកងកំលាំងប្រដាប់អាវុធរួមជាមួយការកែសម្រួលនូវកម្រិតអប្បបរមា នៃប្រាក់បៀរវត្សត្រូវជាប់ពន្ធ របស់មន្រ្តីរាជការ គ្រូបង្រៀន គ្រូពេទ្យនគរបាល យោធិនក៏ដូច​កម្មករនិយោជិត ដែលទទួលប្រាក់បៀវត្សចាប់ពី១លាន៣សែនចុះឲ្យរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្ស ។

តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង ឆ្នាំ២០២០របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា នៅក្នុងឆ្នាំ ២០២០ខាងមុខនេះ បៀវត្សអប្បបរមារបស់មន្រ្តីរាជការស៊ីវិល នឹងកងកំលាំងប្រដាប់អាវុធ នឹងមាន ស្ថាន​ភាពផ្លាស់ប្តូរ ក្នុងនោះបៀវត្សមន្រ្តីរាជការស៊ីវិល នឹងត្រូវតម្លើងពី ១ ១០០ ១០០រៀល នៅឆ្នាំ២០១៩ ឡើងដល់ប្រមាណ ១ ១៤២ ៥០០ រៀល ចាប់ពីខែមករា ឆ្នាំ២០២០ហើយនឹងត្រូវតម្លើងជូនប្រមាណ ១ ១៧២ ៥០០ រៀល ចាប់​ពីខែ​មេសា ឆ្នាំ២០២០ ។

ចំណែកប្រាក់បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ នឹងត្រូវតម្លើងពីចំនួន ១ ២០០ ១០០រៀលនៅឆ្នាំ២០១៩ ឡើងដល់ ១ ២៤២ ៥០០រៀលចាប់ពីខែមករាឆ្នាំ២០២០ក្នុងនោះនឹងត្រូវតម្លើងបន្តដល់ប្រមាណ១ ២៧២ ៥០០ រៀលនៅខែមេ​សា ឆ្នាំ២០២០ ។

ដោយឡែកបៀវត្សនគបាល (ពលបាលត្រី)នឹងត្រូវតម្លើងពីចំនួន១ ១៨៤ ៥៧៧ រៀល(គិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០១៩ ឡើងដល់ ១ ២២៦ ៩៧៧ រៀល ចាប់ពីខែមករា ឆ្នាំ២០២០ក្នុងនោះនឹងត្រូវតម្លើងដល់ ១ ២៥៦ ៩៧៧ រៀល (គិតបញ្ចូលទាំងរបបអង្ករ)។

ចំណែកបៀវត្សយោធិន (ពលទោ)នឹងត្រូវបានតម្លើងពីចំនួន ១ ០៥៥ ៩០០ រៀល នៅឆ្នាំ២០១៩ឡើងដល់ ១ ០៩៣ ៥០០ រៀល នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវតម្លើងដល់ ១ ១៨១ ៩៧៧រៀលនៅខែមេសា ឆ្នាំ២០២០​(មិន​គិត​បញ្ចូលរបបអង្ករ)។

សម្រាប់ឆ្នាំ២០២០ រាជរដ្ឋាភិបាលនឹងធ្វើការកែសម្រួលកម្រិតអប្បបរមានៃប្រាក់បៀវត្សត្រូវជាប់ពន្ធ ក្នុងគោលបំណងផ្តល់ការលើកទឹកចិត្តនិងលើកកម្ពស់ជីវភាពរបស់មន្រ្តីរាជការស៊ីវិលគ្រូបង្រៀនគ្រូពេទ្យ នគរ​បាលយោ​ធិនក៏​ដូច​កម្មករនិយោជិតដែលទទួលប្រាក់បៀវត្សចាប់ពី១លាន៣សែនចុះឲ្យរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្ស។

ក្រៅពីការតម្លើងប្រាក់បៀវត្ស និងការមិនយកពន្ធប្រាក់បៀវត្សចាប់ពី ១លាន ៣សែន ចុះនោះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិការចំនួន ៤០ ប៊ីលានរៀល ដោយឡែកផ្សេងទៀត សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួង-ស្ថាប័ន អាច​ជ្រើសរើសមន្រ្តីមានសមត្ថភាព និងជំនាញខ្ពស់ចូលបម្រើការងាររដ្ឋ។

ចំណែកថវិការប្រមាណ ៥០ ប៊ីលានរៀល ត្រូវគ្រោងសម្រាប់មូលនិធិថែទាំសុខភាពមន្រ្តីរាជការកងកំលាំងប្រដាប់អាវុធនិងនិវត្តន៍ជន។ចំពោះការគ្រោង៦ប៊ីលានរៀលផ្សេងទៀតសម្រាប់ទ្រទ្រង់របបសន្តិសុខសង្គម, នឹងបាន​គ្រោង​ថវិការប្រមាណ៦០ប៊ីលានរៀលសម្រាប់ការតម្លើងរបបសោធនប្រចាំខែទាបបំផុត ជូនដល់អតីតមន្រ្តីរាជការស៊ីវិល និងកងកំលាំងប្រដាប់អាវុធផងដែរ ៕