ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា នៅឆ្នាំ២០២០ខាងមុខនេះវិស័យពន្ធដារគ្មានការតម្លើងអត្រាពន្ធនិងគ្មានការបង្កើតពន្ធថ្មីបន្តទៀតនោះឡើយ ពោលគឺការកែលម្អនូវរដ្ឋបាលសារពើពន្ធដើម្បីបន្តអនុវត្តន៍ផែនការប្ររមូលពន្ធ ឲ្យមានប្រសិទ្ធភាព ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងបែបនេះ ក្នុងសិក្ខាសាលា ស្តីពីការដាក់ឲ្យប្រើប្រាស់សាកល្បងប្រព័ន្ធគ្រប់គ្រង ការប្រកាសពន្ធអាជីវកម្ម តាមប្រព័ន្ធអនឡាញ (E-Filing) និងការផ្សព្វផ្សាយការប្រើប្រាស់វិក្កយបត្រថ្មី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ។
លោក គង់ វិបុល បានបញ្ជាក់ថាការប្រមូលចំណូលលើវិស័យពន្ធដារតាមការឆ្លងយោបល់គណៈរដ្ឋមន្រ្តីក្នុងពេលថ្មីៗ កន្លងមកនេះនៅឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារត្រូវប្រមូលពន្ធឡើងខ្ពស់ជាងឆ្នាំ២០១៩ ពោលគឺអនុវត្តន៍ឲ្យបាន២១% គឺត្រូវបង្កើនជិត ៦០០លានដុល្លារអាមរិកបន្ថែមទៀត ។
លោកបន្ថែមថាដើម្បីអនុវត្តន៍ការប្រមូលចំណូលឲ្យឆ្លើយតបទៅនឹងផែនការហិរញ្ញវត្ថុមន្ត្រីពន្ធដារត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់និងជម្រុញលើកទឹកចិត្តវិស័យឯកជនឲ្យចូលរួមក្នុងកាតព្វកិច្ចបង់ពន្ធឲ្យបានទាន់ពេលវេលា ។
ចាប់ពីឆ្នាំ២០២០ ខាងមុខនេះទៅ វិស័យពន្ធដារគ្មានការតម្លើងអត្រាពន្ធ និងគ្មានការបង្កើតពន្ធថ្មីបន្ថែមទៀតនោះឡើយ ពោលគឺមានតែការកែលម្អនូវរដ្ឋបាលសារពើពន្ធ ដើម្បីបន្តអនុវត្តន៍ផែនការឲ្យមានប្រកសិទ្ធភាព ។
សូមបញ្ជាក់ថាក្នុងក្របខណ្ឌស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២០រាជរដ្ឋាភិបាលគ្រោងបង្កើនចំណូលសរុបថវិការដ្ឋ ឬចំណូលសរុបនៃថវិការជាតិឲ្យដល់ជាង២៧% នៃផសសខណៈឆ្នាំ២០១៩មានត្រឹមជាង២៤% ក្នុងនោះចំណូលចរន្តថ្នាក់ជាតិរួមមានចំណូលសារពើរពន្ធ និងចំណូលមិនមែនសារពើរពន្ធ ។
ដោយឡែកសម្រាប់ចំណូលមូលធនថវិការរដ្ឋគឺគ្រោងជាង៥%នៃផសសគឺកើនឡើងជាង១២% បើធៀបនឹងច្បាប់ឆ្នាំ២០១៩ ចំណែកចំណូលមូលធនដោយហិរញ្ញប្បទានពីក្រៅប្រទេសស្មើរប្រមាណជិត១៩%នៃចំណាយថវិការរដ្ឋសរុបឆ្នាំ២០២០ ៕