ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មូលនិធិសកលផ្តល់ហិរញ្ញប្បទានសរុបជាង ៥១៥ លានដុល្លារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅកម្ពុជា

 

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងឲ្យដឹងថា រយៈពេលជាង២ទសវត្សរ៍ កម្ពុជាទទួលបាន ហិរញ្ញប្បទាន ពីមូលនិធិសកល ប្រមាណជាង ៥១៥ លានដុល្លារអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅកម្ពុជា ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង នៅក្នុងជំនួបពិភាក្សា ជាមួយលោក Dr. Donald Kaberuka ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិសកល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ឲ្យដឹងថា ពាក់ព័ន្ធនឹងការចូលរួមចំណែកអភិវឌ្ឍន៍ផែនការសកម្មភាព របស់មូលនិធិសកល បើគិតរហូតមកដល់ពេលនេះ កម្ពុជាទទួលហិរញ្ញប្បទានពីមូលនិធិសកលចំនួនប្រមាណ ៥១៥,៩៥ លានដុល្លារអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងបីប្រភេទរួមមាន ជំងឺអេដស៍ របេង និងជំងឺគ្រុនចាញ់ និងជួយឱ្យកម្ពុជាសម្រេចបានគោលដៅ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍មុនការគ្រោងទុក។

លោក Dr. Donald Kaberuka ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិសកល បានវាយតម្លៃខ្ពស់ ចំពោះប្រព័ន្ធប្រទេសរបស់កម្ពុជា (Country System) និងភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹក នាំអនុវត្តន៍ គម្រោងហិរញ្ញប្បទានដោយមូលនិធិសកល ដើម្បីឈានទៅសម្រេចបានលទ្ធផលគួរជាទីមោទនៈ  ។

ជាក់ស្តែងកម្មវិធីប្រយុទ្ធ ប្រឆាំងជំងឺអេដស៍ និងរបេង នៅកម្ពុជាសម្រាប់ ឆ្នាំ២០១៨-២០២០ ដែលកំពុងអនុវត្ត ត្រូវបានមូលនិធិសកលវាយតម្លៃ ជាប់ចំណាត់ថ្នាក់ A2 ដោយសម្រេចបាន ៩៩% នៃសូចនាករ ។

លោកលោក Dr. Donald Kaberuka បន្តថា ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបានមូលនិធិសកល និង សន្យាបន្ដពង្រីកកិច្ចសហប្រតិបត្ដិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺទាំងបីនេះបន្តទៀត ក្នុងទំហំហិរញ្ញប្បទានសហប្រតិបត្តិការកាន់តែធំជាងមុន ដើម្បីជួយសង្គ្រោះជីវិតមនុស្ស កាត់បន្ថយអត្រាមរណៈ និងឈាន ទៅលុបបំបាត់ការរីករាលដាលទាំងស្រុងនៃជំងឺទាំងបីមុនដំណាច់ ឆ្នាំ២០៣០។

សូមបញ្ជាក់ថា មូលនិធិសកលបាន រួមចំណែកជាច្រើន ក្នុងនោះសមិទ្ធផលដែលកម្ពុជាទទួលបានមក ដល់នេះ គឺបានរួមចំណែកដ៏ធំធេងក្នុងដល់ការអភិវឌ្ឍជាតិ ដែលស្របតាមចក្ខុវិស័យប្រកបដោយមហិច្ឆិតា នៃផែនការយុទ្ធសាស្ត្រសុខាភិបាល ២០១៦-២០២០  ។ “ប្រជាពលរដ្ឋ កម្ពុជាទាំងអស់ មានសុខភាព និងសុខមាលភាពកាន់តែប្រសើរឡើង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចប្រកបដោយ ចីរភាព” ៕