ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកស្រីឧកញ៉ាសៀង ចាន់ហេង៖ ក្រុមកីឡាករប្រណាំងទូកទាំងអស់ ត្រូវសាមគ្គីគ្នាឲ្យល្អដើម្បីជ័យជំនះ

ភ្នំពេញ៖ អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៌ បានផ្តល់ការលើកទឹកចិត្តដល់ក្រុមកីឡាករទូកង ទាំងអស់ត្រូវចេះសាមគ្គីផ្ទៃក្នុង អាធ្យាស្រ័យគ្នាទៅវិញទៅមកឲ្យបានល្អ និងខិតខំប្រកួតឲ្យអស់ពីសមត្ថភាព នៅ ក្នុង ព្រះរាជពិធីបុណ្យអុំទូក។

លោកស្រីឧកញ៉ា សៀង ចាន់ហេង បានមានប្រសាសន៍ បែបនេះ ក្នុងពិធីក្រុងពាលី និងប្រោះព្រំដើម្បីត្រៀមរៀបចំចូលរួមប្រកួតថ្នាក់ជាតិសម្រាប់ទូក-ង តេជះនាគសរ មហាកោសាបារមីអង្គរ កាលពីព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៩នេះ ។

លោកស្រីអគ្គនាយិកា ក្រុមហ៊ុន ហេង អភិវឌ្ឍន៌ បានមានប្រសាសន៍ថា ដើម្បីធានាឲ្យដំណើរការនៃការចូលមករួមប្រណាំងទូកប្រព្រឹត្តទៅដោយរលូន ស្នើឲ្យកីឡាករទូក-ង បង្កើនការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជំនះ។

ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ក្រុមកីឡាករ លោកស្រីអគ្គនាយិកា បានជួយជ្រោមជ្រែងជាកន្លែងស្នាក់នៅ ហូបចុក ព្រមទាំងពិនិត្យសុខភាពជាប្រចាំផងដែរ សំដៅធ្វើយ៉ាងណាឲ្យកីឡាករ មានសុខភាពល្អ កំលាំងមាំមួន ដើម្បីឈានទៅដណ្តើមជ័យលាភីក្នុងការប្រកួត។

លោកជំទាវ បានប្រគល់ថវិកាចំនួន ១០លានរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួនថែមទៀតដល់ក្រុមកីឡាកសរុប ៧៥នាក់ ទុកសម្រាប់ចាត់ចែងបំពេញតំរូវការផ្សេងៗ ក្នុងអំឡុងពេលប្រណាំងទូក។

សូមបញ្ជាក់់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនឹងប្រព្រឹត្តទៅរយះពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ គ្រប់បណ្តាខេត្ត-ក្រុង ទូទាំងប្រទេស បានបញ្ចូលទូកជាច្រើនមកចូលរួមប្រណាំងនៅលើផ្ទៃទឹកទន្លេសាប មុខព្រះបរមរាជវាំង ៕