ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ត្រូវបានប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ក្រោមអធិតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។
សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជានៅមានការងារអាទិភាពសេសសល់នៅក្នុងដំណើរការនៃការអនុវត្តផែនការយុទ្ធសាសស្ត្រអភិវឌ្ឍជាតិ ២០១៤-២០១៨ ចំនួន៧៖
១)ការលើកកម្ពស់ ការកាត់បន្ថយភាពក្រីក្រនិង កំណើនប្រកបដោយបរិយាប័ន្ន ។
២)ការពង្រីកវិស័យកសិកម្ម ។
៣)ការធានានូវភាពប្រកួតប្រជែងកាន់តែខ្លាំង ។
៤)ការគ្រប់គ្រងការធ្វើចំណាកស្រុកនិងនគរូបនីយកម្ម ។
៥)ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុនិងការកាប់ព្រៃឈើ ។
៦)ការធានានូវអភិបាលកិច្ចល្អប្រសើរ ។
៧)កែលម្អមូលដ្ឋានធនធានមនុស្ស។ សម្តេចតេជោបន្តថា ទោះបីជាយើងជួបនឹងបញ្ហាប្រឈមជាច្រើនក្នុងការអនុវត្តការងារអាទិភាពទាំងនេះ តែយើងបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តការងារគន្លឹះទាំងឡាយនៅក្នុងក្របខ័ណ្ឌ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវជោគជ័យធំៗគួរជាទីមោទនៈក្នុងពេកកន្លងមក។
សូមបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ។ ដែលត្រូវបានចប់អាណត្តិនាចុងឆ្នាំ២០១៨ ក្នុង នីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា៕