ភ្នំពេញ៖ ក្រុមប្រឹក្សាខេត្តកណ្តាល ប្តេជ្ញាខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានា នឹងបញ្ហាសំណើរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ក្នុងគោលបំណងបង្កើនជំនឿជាក់លើការដឹកនាំ ជាពិសេសរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
លោកនួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ថ្លែងបែបនេះក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១ អណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩
លោកនួន ផា បានបន្តទៀតថា មកដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានខិតខំអស់ពីកំលាំងកាយចិត្ត ដើម្បីជម្រុញការអភិវឌ្ឍប្រទេសឲ្យមានការរកចម្រើន ជាពិសេសនៅក្នុងអណត្តិទី៣នេះ រាជរដ្ឋាភិបាល អនុវត្តន៍គោលនយោបាយ និងបានកំណែទម្រង់ជាច្រើនវិស័យ ក្នុងគោលដៅឲ្យកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍឥតឈប់ឈរ ។
ចំពោះកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រុមប្រឹក្សាខេត្តនិងខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈម និងសំណើរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបភ្លាមៗនឹងទុក្ខកង្វល់ទាំងនោះ ។ ចំណែកបញ្ហារដែលមិនបានដោះស្រាយភ្លាមៗចំពោះមុខប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានយកបញ្ហារទាំងនោះ ដាក់ក្នុងផែនការរបស់ថ្នាក់ខេត្ត ក៏ដូចជាថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក និងជាការឆ្លើយតបទៅដល់ប្រជាពលរដ្ឋឲ្យមានប្រសិដ្ឋិភាព តម្លារភាព និងឆាប់រហ័ស។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមកពីឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានលើកឡើងពីក្តីកង្វល់ ក៏ដូចជាបញ្ហារប្រឈមនានា ដែលកំពុងជួបប្រទះឲ្យថ្នាក់ដឹកនាំខេត្តបានដឹង ដើម្បីដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា ដែលបញ្ហារទាំងនោះភាគច្រើនទាក់ទងទៅនឹងការស្នើរសុំ ផ្លូវ ក៏ដូចជាការជួសជុលកែលម្អផ្លូវ ដែលពិបាកក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
