ភ្នំពេញ៖ បច្ចុប្បន្ននេះ ទីផ្សារអចលនទ្រព្យកម្ពុជា ទទួលបានកិច្ចសហការណ៍ជាមួយ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលជា ក្រុមហ៊ុនអាមេរិក បានចូលរួមចំណែកជួយដល់កម្ពុជា ជំរុញប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យបែបឌីជីថល ដើម្បីធ្វើឲ្យកម្ពុជា កាន់តែប្រសើរឡើងក្នុងអាជីវកម្មប្រភេទនេះនាពេលអនាគត។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានឲ្យដឹងថា សន្និសិទ និងពិព័រណ៌ប្រចាំឆ្នាំ របស់សមាគមជាតិអ្នកវាយតម្លៃ អចលនទ្រព្យសហអាមេរិក (NAR) កម្ពុជានិងទទួលបាននូវចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ក្នុងវិស័យអចលនទ្រព្យ។
គណៈប្រតិភូសមាគមអ្នកវាយតម្លៃ CVEA ចំនួន ២៣នាក់ និងទៅចូលរួមកម្មវិធីសន្និសីទ និងពិព័រណ៌ប្រចាំឆ្នាំរបស់សមាគមជាតិអ្នកវាយតម្លៃ អចលនទ្រព្យសហអាមេរិក NAR ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ដែលមានប្រទេសជាសមាជិក ៦៨ លើពិភពលោកចូលរួម ស្មើនឹងប្រមាណ ២ម៉ឺននាក់។
លោក ប្រធានសមាគម រូបនេះបានចាត់ទុកថា នេះគឺជាឱកាសផ្សព្វផ្សាយពីសក្តានុពលអចលនទ្រព្យ និងសម្រាប់សមាជិករៀនសូត្រ ទទួលបាននូវចំណេះដឹងថ្មីៗ ពីបណ្ដាប្រទេសជឿនលឿន និងពង្រឹងអាជីវកម្ម និងការធ្វើជំនួញដីធ្លី បង្កើនទំនាក់ទំនងអន្ដរជាតិ ព្រោះវាផ្តោតលើអនាគតកាល នៃការរកស៊ីវិស័យដីធ្លីលើពិភពលោក ហើយក៏ជាឱកាសសម្រាប់អ្នករកស៊ីដីធ្លីលើពិភពលោកជួបជុំគ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមក។
លោក ច្រឹក សុខនីម បានបញ្ជាក់ថា សមាគម CVEA ត្រៀមចុះអនុស្សារណយោគយល់គ្នាជាមួយសមាគម ៣ ក្នុងនោះមានសមាគម ២ នៅសហរដ្ឋអាមេរិក និងមួយទៀត នៅអឺរ៉ុប។ ការចុះកិច្ចព្រមព្រៀងនេះ គឺដើម្បីបើកជើងមេឃថ្មី ក្នុងការពង្រីកសក្ដានុពល និងទីផ្សារវិស័យអចលនទ្រព្យកម្ពុជា ទៅកាន់សហគមន៍អឺរ៉ុបថែមទៀតផង។
សូមបញ្ជាក់ថា សន្និសីទ និងពិព័រណ៌ប្រចាំឆ្នាំរបស់សមាគមជាតិអ្នកវាយតម្លៃអចលនទ្រព្យសហអាមេរិក(NAR) ប្រចាំឆ្នាំ២០១៩ ដែលរៀបចំនៅសហរដ្ឋអាមេរិកនេះ មានប្រទេសជាសមាជិក ៦៨ប្រទេសលើពិភពលោកចូលរួម ដែលស្មើនឹងប្រមាណ ២ម៉ឺននាក់៕
