ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជប៉ុនសន្យាផ្តល់ហិរញ្ញប្បទានសរុបជាង ៨ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា

 

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) សន្យាផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ផ្លូវការជាង ៥ ០០០ លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណង ប្រមាណជាង ៣ ៥០០ លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោក SUZUKI Hideo បានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវ ការអភិវឌ្ឍជាច្រើនឥតគណនា ក្នុងផ្នែកសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនលើគ្រប់វិស័យ ពិសេស កំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែលបានធ្វើឲ្យប្រទេសកម្ពុជាប្រែក្លាយ ពីប្រទេសដែលធ្លាប់មានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ។

លោក SUZUKI Hideo បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ គ្រប់វិស័យ ជាមួយប្រទេសកម្ពុជា និងបន្តពង្រីកនិងពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រក្នុងវិស័យនានា រួមទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក៏ដូចជាការ ជំរុញដល់ការអភិវឌ្ឍវិស័យឯកជននានា ឲ្យកាន់តែរីក ចម្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងវិស័យអាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាមួយគ្នានេះដែរ ប្រទេសជប៉ុននឹងបន្តផ្តល់ការគាំទ្រ ជំរុញរាល់គ្រប់សកម្មភាព លើកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ដូចជាកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងអាស៊ាន-ជប៉ុនជាដើម ។ ជារួមប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិ ការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នឹងសន្យាផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ ដល់ព្រះរាជា ណាចក្រកម្ពុជា សរុបចំនួនប្រមាណជាង ៥ ០០០ លានដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានឥតសំណង ប្រមាណជាង ៣ ៥០០ លានដុល្លារអាមេរិក ។ ដោយតួលេខនេះ មិនរាប់បញ្ចូលកិច្ចសហប្រតិបត្តិការបច្ចេកទេស និងគម្រោងនានា ដែលត្រូវបានផ្តល់ដោយប្រជាជន និងសប្បុរសជនជប៉ុន ជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់ឡើយ។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវក្តីសោមនស្ស និងកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក SUZUKI Hideo ដែលបានអញ្ជើញមកបំពេញភារកិច្ចនៅកម្ពុជា ។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ប្រទេសជប៉ុន និងប្រជាជនជប៉ុន បានរួមចំណែក យ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ ។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ឥតសំណង ផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ២ ៧៧៧ លានយ៉េន ត្រូវប្រមាណជា ២៧ លានដុល្លារអាមេរិក សម្រាប់ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ជាគម្រោងបំពេញបន្ថែមឲ្យគម្រោងការពារទឹកជំនន់ និងកែលម្អ ប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី១, ទី២, ទី៣ និងទី៤ ៕