សៀងហៃ- ចិន៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ ជាការបង្ហាញនូវការគាំទ្ររបស់កម្ពុជា ចំពោះគោលនយោបាយបើកចំហរទីផ្សារលើទំនិញនាំចូលពីបរទេស មកទីផ្សារចិន ជាការជំរុញចលនាទៅមុខនៃសកលភាវូពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច នៅក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូពាណិជ្ជកម្មកម្ពុជា ទៅចូលរួមពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្ម នាំចូលអន្តរជាតិចិនលើកទី២ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតនៅទីក្រុងសៀងហៃ ប្រទេសចិន។
លោករដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម កម្ពុជា បានបញ្ជាក់ប្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងពិធីនេះថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិន គឺជាវេទិកាដ៏សំខាន់បំផុតមួយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាអន្តរជាតិ រវាងប្រទេសចិន និងប្រទេសចូលរួមទាំងអស់នៅលើពិភពលោក។
ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ កម្ពុជា បានរៀបចំសាងសង់ពន្លាជាតិកម្ពុជា តាមរចនាបទខ្មែរសម័យចតុមុខនៅលើផ្ទៃដីទំហំ ២៥៦ ម៉ែត្រការ៉េ ដោយក្នុងពន្លជាតិមានតុបតែងដាក់តាំងលម្អ ដោយរូបភាពនៃតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា និងមានបញ្ជរដាក់តាំងផលិតផល និងសេវាកម្មដែលជាសក្តានុពលរបស់ប្រទេស ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគថ្មីៗបន្ថែមទៀតចូលលមកប្រទេសកម្ពុជា។ ហើយក្នុងឆ្នាំ២០១៩នេះ កម្ពុជា បានដឹកនាំក្រុមហ៊ុន ៣ គឺ សហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យ និងសំណង់ទេសចរណ៍ ទៅចូលរួមផ្សព្វផ្សាយ និងស្វែងរកដៃគូវិនិយាគបន្ថែម។
សូមបញ្ជាក់ថា ក្នុងកំឡុងពេលបំពេញបេសកកម្មនៅទីក្រុងសៀងហៃលោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និងសមាជិកប្រតិភូបានអញ្ជើញចូលរួមវេទិកា និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួន ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោកក្រៅផ្លូវការ ដោយបានលើកយកបញ្ហាកំណែទម្រង់ប្រព័ន្ធរការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក ។ ការជ្រើសរើសក្រុមប្រឹក្សាភិបាល, ប្រព្រឹត្តកម្មពិសេស, កសិកម្ម និងការឧបត្ថម្ភធនជលផល យកមកពិភាក្សារកដំណោះស្រាយមុនការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃអង្គការពាណិជ្ចកម្មលើកទី១២ នៅប្រទេសកាហ្សាក់ស្ថាន នៅក្នុងខែមិថុនា ឆ្នាំ២០២០ ខាងមុខ៕