ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ថោង ខុន ជំរុញឱ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តកំពតបើកទទួលការកក់បន្ទប់ឡើងវិញ និងកុំដំឡើងថ្លៃនា​​ពិធីបុណ្យសមុទ្រ

(កំពត)៖ក្រោយមានការរិះគន់ពីបញ្ហាខ្វះបន្ទប់ស្នាក់នៅ សម្រាប់ពិធីបុណ្យសមុទ្រ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញឱ្យរដ្ឋបាលខេត្តកំពត និងមន្ទីរទេសចរណ៍ខេត្ត ត្រូវចុះផ្សព្វផ្សាយឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ក្នុងខេត្តត្រូវទទួលការកក់បន្ទប់ស្នាក់របស់ភ្ញៀវឡើងវិញ និងសូមកុំដំ​ឡើង​​​ថ្លៃហួសហេតុពេកដើម្បីធានាសេវាស្នាក់នៅឱ្យបានល្អប្រសើរក្នុងពិធីបុណ្យសមុទ្រនាចុងឆ្នាំ២០១៩ ខាងមុខ។

ការរិះគន់ចំៗលើបញ្ហាស្នាក់នៅខាងលើនេះត្រូវបានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅសាលាខេត្តកំពតកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ​​ ខណៈក្រុមមន្ត្រីរាជការ ក្រុមសិល្បករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួន ក៏កំពុងជួបប្រទះនិងព្រួយបារម្ភពីការខ្វះកន្លែងស្នាក់នៅនេះផងដែរ។

បញ្ហានេះក៏ព្រោះតែម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន មិនព្រមទទួលការកក់បន្ទប់ស្នាក់នៅពីភ្ញៀវទាល់តែសោះ ដោយបញ្ជាក់ទាំងមិនសមហេតុផលមកវិញថា ទុកជួលភ្លាមៗនៅពេលពិធីបុណ្យមកដល់ (ក្នុងបំណង​ដើម្បីទទួលបានតម្លៃថ្លៃជាងការកក់)។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក​​ រដ្ឋមន្ត្រី ថោង ខុន បានប្រកាសជំរុញយ៉ាងម៉ឺង​​ម៉ាត់ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុលត្រូវចុះផ្សព្វផ្សាយបន្តដល់ម្ចាស់សេវាស្នាក់នៅទាំង​អស់ក្នុងខេត្តឱ្យទទួល​ការកក់​បន្ទប់​​ស្នាក់នៅពីភ្ញៀវឡើងវិញពិសេសមិនត្រូវដំឡើងថ្លៃហួសហេតុពេកឡើយ។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «បញ្ហានេះត្រូវតែដោះស្រាយឱ្យបានជាដាច់ខាត ហើយ​​​បានស្នើឱ្យអភិបាលខេត្ត​​​កំពត លោក ជាវ តាយ ត្រូវជួយជំរុញការដោះស្រាយបញ្ហានេះឱ្យបានល្អឡើងវិញផងដែរ»។
លោករដ្ឋមន្ត្រីបានពន្យល់ថា នៅពេលមានពិធីបុណ្យម្ដងៗ ម្ចាស់សេវាស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់នានាគួរតែសប្បាយចិត្តក្នុងការទទួលការកក់បន្ទប់ស្នាក់នៅរបស់ភ្ញៀវ មិនមែនមិនទទួលការកក់បន្ទប់ស្នាក់នៅដូច្នេះទេ។ ម្យ៉ាង​​ទៀត ម្ចាស់សណ្ឋាគារលើភ្នំបូកគោគួរពិចារណាក្នុងការបញ្ចុះតម្លៃខ្លះ ដើម្បីទាក់ទាញទេសចរទៅទីនោះអោយបានច្រើន។

ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ខណៈរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការរំពឹងទុកថា នឹងមានភ្ញៀវទេសចរ និងប្រជាពល​រដ្ឋចូលរួមទស្សនាលេងកម្សាន្តច្រើនកុះករ៕