ភ្នំពេញ៖ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយសម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ប្រទេសចិន ដែលមកស្វែងយល់អំពីសក្ដានុពលវិនិយោគនៅកម្ពុជា។ ដឹកនាំដោយ លោក ហ៊ូស៊ីន វូ (Huaxin Wu) ប្រធានក្រុមហ៊ុន Eversun Holding Group Co. Ltd និងជាសមាជិកសភាប្រជាជនខេត្តហ្វូជៀន ។ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នេះ ។
លោក ហ៊ូស៊ីន វូ បានជម្រាបជូនថា សម្ព័ន្ធធុរកិច្ចរបស់ចិនបំណងដើម្បីវិនិយោគ ដោយមានក្រុមហ៊ុនប្រមាណ ១០០ ក្រុមហ៊ុន ដែលមានជំនាញ និងបទពិសោធន៍ចម្រុះ រួមមានការផលិតឧបករណ៍អេឡិច ត្រូនិក កែច្នៃដែកថែប សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ សេវាហិរញ្ញវត្ថុ ប្រព័ន្ធទឹកស្អាត និងចម្រាញ់ប្រេងឥន្ធនៈ។
លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ជំនាញ និងបទពិសោធន៍របស់ក្រុមហ៊ុន ជាការងារមួយដែលកំពុងតែមានតម្រូវការខ្ពស់នៅខេត្តព្រះសីហនុ ។ ម្យ៉ាងវិញទៀត កម្ពុជាកំពុងតែ ឈានទៅរកការធ្វើឧស្សាហូបនីយកម្ម ដូចនេះនឹងមានតម្រូវការច្រើនលើការកែច្នៃដែកថែប អេឡិច ត្រូនិក និងថាមពល ។
លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យសម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ពិនិត្យលទ្ធភាពចូលរួមក្នុងការកែច្នៃផលិតផលកសិកម្ម ដូចជា ស្វាយ ចេក មៀន ដំឡូងមី កៅស៊ូ និងកសិផលដទៃទៀត ដើម្បីធ្វើការនាំចេញ ដោយកសិផលទាំងនោះ ជាកសិផលដែលមានការផលិតច្រើននៅកម្ពុជា។
រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជម្រាបជូនថា ក្រុមហ៊ុនចិនអាចស្វែងយល់បន្ថែមទៀតលើការ វិនិយោគក្រោមរូបភាពសម្បទាន ឬការចាប់ជាដៃគូជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ និងហិរញ្ញប្បទានបន្ថែមពីក្របខណ្ឌផ្លូវមួយខ្សែក្រវាត់មួយ ៕