ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងរ៉ែ និងថាមពល អះអាងថា៖ កម្ពុជាលែងខ្វះថាមពលអគ្គិសនី ប្រើប្រាស់ទៀតហើយនៅក្នុងរដូវប្រាំងនេះ

 

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា នៅរដូវប្រាំងខាងមុខនេះ  កម្ពុជាលែងខ្វះខាតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទៀតឡើយ ។  ទោះបីរោងចក្រអគ្គិសនី ដើរដោយប្រេងខ្មៅ ដែលគ្រោង ដាក់ឲ្យដំណើរការនៅក្នុងរដូវប្រាំងខាងមុខនេះ សាងសង់មិនទាន់ចប់តាមផែនការក៏ដោយ ។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់បែបនេះ នៅពេលចុះពិនិត្យរោងចក្រ អគ្គិសនីដើរដោយប្រេងខ្មៅ នៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា  ការសាងសង់រោងចក្រដើរដោយប្រេងខ្មៅនេះ រាជរដ្ឋាភិបាលបានចំណាយថវិការរបស់ជាតិ ដើម្បីបង្កើតរោងចក្រនេះឡើង ដែលមានកំលាំងថាមពលប្រមាណ ៤០០ មេហ្គាវ៉ាត់ ដោយគ្រោងសាងសង់ឲ្យរួចរាល់ជាស្ថាពរ នៅក្នុងខែមិថុនា ឆ្នាំ២០២០ ដើម្បីទ្រទ្រង់ការកង្វះអគ្គិសនីនៅរដូវប្រាំង នឹងទៅឆ្នាំខាងមុខបន្តបន្ទាប់ទៀត ។

ចំពោះគម្រោងនៃការសាងសង់រោងចក្រនេះ បើតាមការសន្យារបស់ក្រុមហ៊ុន គឺធ្វើយ៉ាងណាជម្រុញការសាងសង់ នឹងគ្រោងដាក់ឲ្យដំណើរការ ១០០ មេហ្គាវ៉ាត់ជាមុនសិន នៅក្នុងរដូវប្រាំង មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីបំពេញនឹងតម្រូវការ នៃការប្រើប្រាស់អគ្គិសនីនៅកម្ពុជា ។

សូមបញ្ជាក់ថា គិតក្នុង ឆ្នាំ២០១៩ នេះ រោងចក្រអគ្គិសនីរបស់កម្ពុជាដែលកំពុងដំណើរការមាន វារីអគ្គិសនីចំនួន៧កន្លែង ។  អគ្គិសនីដុតធ្យូងថ្មចំនួន២ ។  និងអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន២ ក្នុងនោះចំពោះខ្សែបញ្ជូនអគ្គិសនីជាតិ តភ្ជាប់ទៅខេត្តផ្ទាល់មានចំនួន២០ និងមិនផ្ទាល់ចំនួន៥។​ បច្ចុប្បន្នកំពុងផ្គត់ផ្គង់ថាមពលអគ្គិសនី គ្របដណ្តប់លើភូមិចំនួន ៩៣% នៃចំនួនភូមិទាំងអស់នៅទូទាំងប្រទេស នឹងបានតភ្ជាប់អគ្គិសនីប្រើប្រាស់ បានចំនួន ៧៤% នៃលំនៅដ្ឋានសរុបនៅកម្ពុជាផងដែរ៕