ភ្នំពេញ៖សមាគមចុងភៅពិភពលោកនិងសមាគមចុងភៅកម្ពុជាបានបង្ហាញគោលបំណងពីការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារដ៏ធំមួយនៅមុខប្រាសាទអង្គរវត្ត ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរ ជាតិជាច្រើននាក់ ឱ្យមកចូលមកទស្សនាក្នុងប្រទេសកម្ពុជា។
ឆ្លើយតបនឹងការលើកឡើងរបស់សមាគមទាំងពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលបំណង និងសំណើសុំរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារនេះ ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា ការរៀចំព្រឹត្តិការណ៍នេះទៅបានគឺត្រូវបានមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងសុំការឯកភាពពីអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបជាមុនសិន។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងដាក់សំណើជូនទៅរាជរដ្ឋាភិបាល ដើម្បីសុំការអនុញ្ញាតរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើងនឹងពិភាក្សាការងារជាមួយអាជ្ញាធរជាតិអប្សរារដ្ឋ បាលខេត្តសៀមរាប និងសមាគមទាំងពីរជាបន្តបន្ទាប់ទៀត។
ក្នុងជំនួបពិភាក្សានេះសមាគមចុងភៅកម្ពុជានិងសមាគមចុងភៅពិភពលោកបានបង្ហាញបំណងចង់រៀចំព្រឹត្តិការណ៍នេះនៅមុខប្រាសាទអង្គរវត្តនៅកំឡុងខែមេសាឆ្នាំ២០២០ខាងមុខ។ព្រឹត្តិការណ៍ខាងលើនេះមានរៀបចំជាសកម្មភាពសប្បុរសធម៌ភ្ជាប់ជាមួយសកម្មភាពទេសចរណ៍ពោលគឺដើម្បីរៃអង្គាសថវិកាយកទៅជួយកុមារកំព្រាជនរងគ្រោះនិងការងារមនុស្សធម៌នានាដែលបានពីការចូលរួមរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើននាក់។
សមាគមចុងភៅពិភពលោកបានបញ្ជាក់ទៀតថាព្រឹត្តិការណ៍ខាងលើនេះ គឺត្រូវបានរៀបចំប្រកបដោយជោគជ័យជាច្រើនដងមកហើយនៅប្រទេសមីយ៉ាន់ម៉ានិងវៀតណាមហើយឆ្នាំក្រោយនេះសមាគមនិងភ្ញៀវទេសចរអន្តរជាតិ ពិតជាពេញចិត្តចំពោះគោលដៅទេសចរអង្គរ-សៀមរាបជាខ្លាំង៕