ភ្នំពេញ៖ អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា វិស័យទេសចរនៅកម្ពុជា បើគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩ នេះ មានអ្នកធ្វើដំណើរឆ្លងកាត់កម្ពុជា សរុបប្រមាណជាង ៤ លាន ៨ សែននាក់ ។ ក្នុងនោះការធ្វើដំណើរ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានប្រមាណជាង ១ លាន ៥ សែននាក់ ។ ព្រលានយន្តហោះសៀមរាប ជាង ១ លាន ២ សែននាក់ និងព្រលានយន្តហោះកងកេងខេត្តព្រះសីហនុជិត ៦០ម៉ឺននាក់ ។
ដោយឡែកការធ្វើដំណើរតាមផ្លូវគោក មានប្រមាណជាង ១ លាន ៣ សែននាក់, នឹងតាមផ្លូវទឹកមានចំនួនជាង ១០ម៉ឺននាក់ ។ ក្នុងនោះអ្នកទេសចរ មានចំនួនជាង ៣ លាន ៥ សែននាក់ អ្នកជំនួញជាង ១ លាននាក់ និងមកពីតំបន់ផ្សេងៗទៀតមានចំនួនប្រមាណជិត ១៤ ម៉ឺននាក់ ។
ភ្ញៀវទេសចរមកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិចរួមមាន ប្រទេសក្នុងអាស៊ាន អាស៊ីខាងជើងនិងខាងកើត ។ អាស៊ីខាងត្បូង និងប្រទេសជាប់តំបន់សមុទ្រ មានចំនួនជាង ៤ លាននាក់ ។ តំបន់អឺរ៉ុបមាន អឺរ៉ុបខាងជើង ខាងលិច, សរុបជិត ៤០ ម៉ឺននាក់, អឺរ៉ុបកណ្តាល ខាងកើត និងខាងត្បូងសរុបជាង ១៥ ម៉ឺននាក់ និងមកពីមេឌីទែររ៉ាណេជិត ២ ពាន់នាក់ ក្នុងនោះចំពោះភ្ញៀវទេសចរមកពីតំបន់៣ផ្សេងទៀតរួមមាន៖ តំបន់អាមេរិក, អាហ្វិច, នឹងមកពីតំបន់មជ្ឈឹមបូពា៌ សរុបប្រមាណជាង ២៦ម៉ឺននាក់៕