ភ្នំពេញ៖ លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃអចលនទ្រព្ យនិងជាអគ្គនាយកក្រុមហ៊ុន ស៊ីភីអិល បានថ្លែងថា នៅឆ្នាំ២០១៩ជាឆ្នាំមានការរីកចម្រើនទៅ មុខរបស់វិស័យអចលនទ្រព្យ ជាក់ស្តែងសកម្មភាពនៃការទិញដូ លក់ និងជួលនៅតែមានដំណើរការជាធម្មតា ។ ថ្មីៗនេះអ្នកវិនិយោគក្រៅប្រទេសផ្សេងៗទៀតបានចាប់អារម្មណ៍ប្រទេសកម្ពុជាបន្ថែមទៀតនៅពេលប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍជាមួយនិងសុខសន្តិភាពពេញផ្ទៃប្រទេស។
លោកឧកញ៉ាបានបន្ថែមទៀតថា សកម្មភាពទិញ ដូ នៅតាមជាយក្រុង និងនៅបណ្តាខេត្តមួយចំនួនកំពុងតែដំណើរជាបន្តបន្ទាប់ ហើយវិស័យនេះកំពុងតែមានការរីកចម្រើនជាមួយនិងការអភិវឌ្ឍធនធានមនុស្សនិងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគពីក្រៅប្រទេស ខណៈដែលសកម្មភាពវិនិយោគដីឡូតិ៍ បុរី និងផ្ទះល្វែង ខុនដូ កំពុងតែមានសន្ទុះខ្លាំង។
អ្នកជំនាញខាងលើបន្ថែមថា បច្ចុប្បន្ននេះចិនជាប្រទេសមានការវិនិយោគច្រើនជាងគេនៅកម្ពុជានិងកំពុងតែពង្រីកសក្តានុពលទិញនិងលក់របស់ខ្លួនកាន់តែខ្លាំងថែមទៀតនៅឆ្នាំ២០១៩នេះ ចំណែកសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជាវិញក៏បានចាប់ដៃគូរជាមួយនិងសមាគមចិន ដើម្បីរួមគ្នា អភិវឌ្ឍប្រទេសកម្ពុជា។
សម្រាប់លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបាត់ទុកថា នៅឆ្នាំ២០១៩នេះ ចំពោះវិស័យអចលនទ្រព្យកំពុងតែមានតម្រូវការច្រើនដដែល ហើយអ្វីដែលកំពុង តែសាងសង់នោះមានទាំងអគារលំនៅឋាន អគារស្នាក់នៅ អគារខ្ពស់ៗ និងសំណង់អូតែល បន្តមានកំណើនជាបន្តបន្ទាប់ ។ ដូច្នោះ រង្វង់៥ឆ្នាំទៀតវិស័យនេះនៅតែបន្តរឹងមាំ ។
លោកឧកញ៉ាបានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០១៨ ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាមានសន្ទុះលឿនក្នុងការអភិវឌ្ឍ ហើយនៅឆ្នាំ២០១៩ ជាឆ្នាំដែលល្អ សម្រាប់អ្នកវិនិយោគលើគ្រប់វិស័យនៅក្នងប្រទេសកម្ពុជាបន្ថែមទៀត។
ការបោះទុនវិនិយោគក្នុងវិស័យសំណង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានជំរុញដល់ការសាងសង់សំណង់អាគារខ្ពស់ៗ ជាច្រើននៅក្នុងរាជធានីភ្នំពេញ ហើយជាក់ស្ដែងក្នុងឆ្នាំ២០១៨ កន្លងទៅនេះ រាជធានីភ្នំពេញមានគម្រោងអគារខ្ពស់ៗចំនួន ១១០ គម្រោងផងដែរ។
តាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ការវិនិយោគក្នុងវិស័យសំណង់ក្នុងឆ្នាំ២០១៧ កន្លងទៅ បានកើនឡើងជាង ២២ភាគរយ ដែលមានតម្លៃទឹកប្រាក់ប៉ានស្មានចំនួន ៦៤២៨ លានដុល្លារលើគម្រោង ៣០៥២ ធៀបនឹង ៥២៥៦ លានដុល្លារកាលពីឆ្នាំ២០១៦ ៕