ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបន្តតានតឹងលើការបង្កើនចំណាយវត្តមានកងទ័ពប្រទេសទាំងពីរ

កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនៅតែបន្តមានភាពតានតឹងជាមួយគ្នាដដែលរហូតដល់ថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកានេះ ក្នុងសំណុំ​រឿង​នៃ​ការ​ចំ​ណាយលើការរក្សាវត្តមានកងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ក្រោយពីអាមេរិក​បានបង្កើន​ការចំណាយ​លើវត្តមាន​កង​ទ័ព​របស់​ខ្លួន​នៅ​កូរ៉េខាងត្បូងរហូតដល់៤០០% ស្មើនឹងទឹកប្រាក់៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលនេះបើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយ Yahoo News ។

ចាប់តាំងពីក្រោយសង្គ្រាមនៅឧបទ្វីបកូរ៉េក្នុងចន្លោះឆ្នាំ១៩៥០ដល់១៩៥៣ កូរ៉េខាងត្បូងបានចំណាយទឹកប្រាក់​ក្នុងរង្វង់ជិតមួយពាន់​លាន​ដុល្លារ​ក្នុងមួយឆ្នាំលើវត្តមានកងទ័ពអាមេរិកនៅលើទឹកដីរបស់ខ្លួន ដែលប្រហាក់ប្រហែលនឹង៤០%នៃការចំណាយសរុប ប៉ុន្តែនៅឆ្នាំ​២០១៩​នេះ អាមេរិកបានទាមទារអោយកូរ៉េខាងត្បូងបង្កើនការចំណាយរហូតដល់៥ ពាន់លានដុល្លារក្នុងមួយឆ្នាំដែលស្មើនឹងកំណើន៤០០% ។

ចំណុចនេះហើយ ដែលធ្វើអោយប្រទេសជាសម្ព័ន្ធមិត្តទាំងពីរមិនឯកភាពគ្នា ដោយកូរ៉េខាងត្បូងបានរអ៊ូររទាំថា អាមេរិកបាន​ទាមទារទឹក​ប្រាក់​ច្រើនហួសហេតុពេក ក្នុងការចំណាយលើវត្តមានកងទ័ពរបស់ខ្លួននៅកូរ៉េខាងត្បូង ដែលប្រទេសនេះមិនអាច​ចេញលុយដ៏ច្រើន​សម្បើម​នេះ​​តាមការទាមទាររបស់អាមេរិកបានទេ ៕