ផ្តើមចេញពីជីវិតក្មេងវត្តក្នុងរាជធានីភ្នំពេញដែលមកស្នាក់ជាមួយព្រះសង្ឃនៅវត្តនាគវន្ត័ ដើម្បីបន្ត ការសិក្សាថ្នាក់បរិញ្ញាបត្រ ខាងវិស្វករសំណង់នៅសាលាតិចណូអំឡុងឆ្នាំ១៩៩៣ ។ ក្នុងរយះពេល ៥ទៅ៦ឆ្នាំ ធ្វើឲ្យជីវិតជានិស្សិតស្នាក់វត្តជួបការលំបាកគ្រប់បែបយ៉ាងក្នុងការហូបចុក និងថវិការសម្រាប់ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងការសិក្សាតាំងពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់មហាវិទ្យាល័យ។
ជួបជាមួយអ្នកយកព័ត៏មានដេលីខ្មែរសហគ្រឹនវ័យក្មេងរូបនោះបានរៀបរាប់ពីខ្សែជីវិត តាំងពីកុមារ ភាពថា លោកមានឈ្មោះឃួន សូខាន់ឌី ជាកូនអ្នកជនបទដែលឪពុក ម្តាយ ជាគ្រូបង្រៀន ទាំងពីរនាក់នៅក្នុងខេត្តតាកែវ ។ លោកបន្តទៀតថា ភាពល្វីងជូរចត់ក្នុងជីវិតទម្រាំដល់ថ្ងៃនេះទទួលបាន ជោគជ័យ លោកបានជំនះរាល់ឧបសគ្គគ្រប់បែបយ៉ាងក្នុងមូយឆាកជីវិតនេះ។
មុននឹងក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុនមួយ លោកឃួន សុខាន់ឌី រៀបរាប់ថា អ្វីៗដែលទទួលបានជោគជ័យដល់ថ្ងៃនេះគឺកើតចេញពីកម្លាំងញើសឈាម ខំតស៊ូយ៉ាងលំបាក ទម្រាំឆ្លងផុតភាពក្រខ្សត់លំបាកនៃជីវិតរបស់ខ្លួន។ បើគ្មានការតស៊ូ ជំនះគ្រប់ឧបសគ្គទេ មិនអាចសម្រេចគោលដៅរបស់ខ្លួននោះទេ យើងមិនអាចអង្គុយឈឺចាប់នូវអ្វីដែលកំពុងកើតមានចំពោះជីវិតនោះទេ។
លោកឃួន សូខាន់ឌី ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ECC Realty បាននិយាយថា«ផ្តើមចេញពីសិស្សនៅវិទ្យាល័យ១ឧសភា ខេត្តតាកែវ ដោយស្នាក់នៅតាមតូបតូចៗតាមរបងសាលារៀន គ្មានអ្វីហូបក្រៅពីពងទា និងប្រហុកត្រី ដែលឆ្លៀតដាក់អន្លុងខ្លួនឯងនោះទេ»។
ឪពុក ម្តាយគ្មានអ្វីក្រៅពីអង្ករមួយការុងសម្រាប់ខ្លួនឡើយ ព្រោះតែក្រពេក។ ភាពក្រីក្រ ជាឧបស្គខ្លះនៃការសិក្សាមិនមែនជារនាំងធ្វើឲ្យដើរថយក្រោយនោះទេ ផ្ទុយមកវិញបានខិតខំសិក្សារហូតប្រឡងបាក់ឌុកទទួលបានជោគជ័យ។
«ជោគជ័យមួយដំណាក់កាល នៅសល់ដំណាក់កាលទៀត គឺជាដំណើរផ្សងព្រេងពីខេត្តតាកែវមកភ្នំពេញ ដើម្បីសម្រេចក្តីស្រមៃក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សាឲ្យបាន»។
អតីតក្មេងវត្តរូបនេះថ្លែងថា «នឹកដល់អតីតកាលពិតជាកម្សត់ ធ្វើឲ្យខ្ញុំមិនអាចទប់ទឹកភ្នែកបាននោះទេ។ ព្រោះមកភ្នំពេញដំបូង ជម្រើសដែលអាចបន្តការសិក្សាបាន ត្រូវតែបង្ខំចិត្តសុំព្រះសង្ឃវត្តនាគវន្តស្នាក់នៅ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែលុយ១០០រៀលសម្រាប់ផ្ញើកងគ្មានដែរ»។
សម្រាប់អាហារប្រចាំថ្ងៃវិញ គ្មានអ្វីក្រៅពីពងទា ហូបរាល់ថ្ងៃ ច្នៃពងទា១គ្រាប់ សម្រាប់២ពេលហើយអាហារពេលព្រឹកផឹកតែទឹកដើម្បីចម្អែតក្រពះតែប៉ុណ្ណោះ ហើយគ្មានអ្នកណាថាលោកអត់បាយហូប ឬអត់លុយចាយនោះទេ។
លោកសូខាន់ឌី និយាយថា ជាភ័ព្វសំណាង ដោយសារការសេពគប់មនុស្សល្អៗ រៀនត្រឹមឆ្នាំទី២បានមិត្តភក្តីស្និទស្នាលម្នាក់បានឲ្យខ្ចីលុយ និងណែនាំឲ្យបង្រៀនសិស្សតាមផ្ទះ ។ ចាប់ពីពេលនោះមកលោកមានឱកាសអាចរកប្រាក់ដោយខ្លួនឯងសម្រាប់ចាយវាយ ផ្គត់ផ្គង់ជីវភាព និងរៀនភាសាអង់គ្លេសបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ផ្ទះបានផ្តល់បាយ១ពេល ដោយសារមើលឃើញពីការខិតខំតស៊ូ និងសមត្ថភាពនៃការបង្រៀន។ ស្របពេលដែលចៅអធិការវត្តស្រឡាញ់ មើលឃើញពីការឧស្សាហ៍ព្យាយាមប្រឹងប្រែងធ្វើការ និងរៀនសូត្រ ព្រះសង្ឃតែងផ្គត់ផ្គង់បាយជាទៀតទាត់។
ក្រោយពីបញ្ចប់ការសិក្សានៅសាលាតិចណូ លោកបានចូលបម្រើការងារនៅក្រុមហ៊ុនសាងសង់របស់ជប៉ុនជាប្រធានការដ្ឋាន ផ្តោតសំខាន់លើការសង់ស្ពាននៅកម្ពុជា ហើយទទួលបានប្រាក់ខែច្រើនគួរសម។
លោកឃួន សូខាន់ឌី បានពន្យល់និងផ្តល់បទពិសោធន៍របស់ខ្លួនដែលធ្លាប់ជួបប្រទះក្នុងឆាកជីវិតជាក្មេងវត្តដល់យុវជនជំនាន់ក្រោយៗថា បើយើងសេពគប់មនុស្សអាក្រក់ និងក្លាយជាមនុស្សអាក្រក់នៅថ្ងៃណាមួយ។ បើសេពគប់បណ្ឌិត គង់ក្លាយជាបណ្ឌិតនៅថ្ងៃណាដែរ។ សេពគប់អ្នករកស៊ី និងក្លាយជាអ្នករស៊ីនៅថ្ងៃណាមួយ។
ការផ្តល់តម្លៃលើការទំនាក់ទំនង និងសេពគប់បុគ្គលជោគជ័យ និងអ្នករកស៊ី បានរុញច្រានឲ្យលោកប្តូរពីអ្នកធ្វើការឲ្យគេប្រាក់ជាង១ពាន់ដុល្លារ ចេញមករកស៊ីដោយខ្លួនឯងវិញម្តង ខណៈមនុស្សទូទៅមិនប្រថុយចោលប្រាក់ខ្ទង់ពាន់ដុល្លារនោះទេ។
បច្ចុប្បន្នលោកឃួន សូខាន់ឌី ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះ ECC Reality និងក្រុមហ៊ុនសំណង់ CAM E&C Construction មានភាពជោគជ័យក្នុងជីវិត។ តែលោកជាមនុស្សសាមញ្ញា ចូលចិត្តចែករំលែងចំណេះដឹង និងបទពិសោធន៍ល្អៗដល់មនុស្សជុំវិញខ្លួន។
តាមពិសោធន៍ជាច្រើនឆ្នាំកន្លងមកលោកយល់ថា មនុស្សជោគជ័យទៅបានលុះត្រាប្រកាន់ខ្ជាប់នូវ៣ចំណុច ការសេពគប់មនុស្សល្អ បុគ្គលជោគជ័យ រៀនគ្មានថ្ងៃបញ្ចប់ មួយជីវិតមនុស្សត្រូវតែបន្តការរៀនសូត្រ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
លោកសូខាន់ឌី បានពន្យល់ថា ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុច្បាស់លាស់មួយ ការរកចំណូលបានច្រើនយ៉ាងណាក៏ដោយ បើយើងមិនចេះចាត់ចែងឲ្យល្អ និងចំគោលដៅនោះទេ យើងនៅតែក្រដដែល។
បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងវិនិយោគលើវិស័យអចលនទ្រព្យចំនួន៣ខេត្តដូចជា នៅខេត្តកំពង់ស្ពឺ កំពត និងខេត្តសៀមរាប ។
សូមបញ្ជាក់ថា លោកឃួន សូខាន់ឌី មានអាយុ៤៤ឆ្នាំ មានបងប្អូនបង្កើត៥នាក់ ស្រីមួយ លោកជាកូនទី២ក្នុងគ្រួសារ ។ លោកបានរៀបការជាមួយនារីម្នាក់នៅខេត្តតាកែវជាមួយគ្នាក្នុងឆ្នាំ២០១១ សព្វថ្ងៃលោកមានកូនស្រី៣នាក់ជាទីស្រលាញ់ ៕