គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះបានបើកកិច្ចប្រជុំលើកដំបូងស្ដីពីការត្រួតពិនិត្យ គណៈកម្មការជំនាញចំនួន៦ ដើម្បីជំរុញផែនការសកម្មភាព និងកម្មវិធីការងារសម្រាប់ត្រៀមដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២០ ខាងមុខ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍របស់ CAMSOC រួមទាំងមន្ដ្រីគណៈកម្មការ ជំនាញទាំង៦ ទី១. គណៈកម្មការកីឡា និងបទប្បញ្ញត្ដិ ទី២ គណៈកម្មការទីលានប្រកួត ទី៣គណៈកម្ម រវប្បធម៌បរិស្ថាន និងអប់រំកីឡា ទី៤ គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ទី៥ គណៈកម្មការទីផ្សារ និងចលនាឧបត្ថម្ភ និងទី៦ គណៈកម្មការពិធីបើក-បិទ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOCបានបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំលើកទី១ ដើម្បីត្រួតពិនិត្យគណៈជំនាញពិសេសចំនួន៦ ដែលជាគណៈកម្មការឈានមុខ សម្រាប់ធ្វើដំណើរទៅរៀបចំ ផែនការការងារ និងសកម្មភាពរបស់ខ្លួនចាប់ពីដើមឆ្នាំ២០២០ ខណៈគណៈកម្មការទាំង៦ មានរចនាសម្ព័ន្ធ និងការតែងតាំងរួចរាល់ហើយ នៅឡើយតែការជំរុញបន្ថែម ដើម្បីបំផុសឲ្យមានការរៀបចំសកម្មភាពកម្មវិធីការងារនិងគម្រោងថវិកាសម្រាប់ដំណើរការអមគ្នាជាមួយ CAMSOC ប៉ុណ្ណោះ។
លោកបន្ដទៀតថា «អ្វីដែលត្រូវបានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំគឺឯកឧត្តមបណ្ឌិត ថោង ខុន បានប្រគល់តួនាទី ឲ្យគណៈកម្មការនីមួយៗត្រូវចាប់ផ្ដើមធ្វើផែនការការងាររៀងៗខ្លួន ហើយត្រូវកំណត់ពេលវេលាត្រួតពិនិត្យការងារជាប្រចាំ»។
លើសពីនេះលោកថា«ចឹងការងារក្នុងគណៈកម្មការជំនាញទាំងអស់ សំខាន់ជាងគេគឺរឿងកម្មវិធី កំណត់ប្រភេទកីឡា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធការកំណត់កម្មវិធីផ្សព្វផ្សាយអប់រំសង្គមពាក់ព័ន្ធទៅនឹងយុទ្ធនាការមួយចំនួនឆ្ពោះទៅរកស៊ីហ្គេម និងកម្មវិធីធ្វើគ្រោងឆ្អឹងរៀបចំពិធីបើក-បិទ ដើម្បីឆ្លងថ្នាក់ដឹកនាំជាដើម»។
លោក វ៉ាត់ ចំរើនបញ្ជាក់បន្ថែមថា ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន ក៏បានជំរុញឲ្យគណៈកម្មការនីមួយៗត្រូវដំណើរការឲ្យបានដាច់ខាត នៅដើមឆ្នាំ២០២០ ដើម្បីបំផុសចលនាផ្សព្វផ្សាយស៊ីហ្គេមផង និងកំណត់ផែនការអភិវឌ្ឍន៍កីឡាផង ព្រោះក្រោយស៊ីហ្គេម ឆ្នាំ២០១៩ កម្ពុជានឹងកំណត់ដំណាក់កាលទី១ ពោលគឺកំណត់ប្រភេទកីឡាគោល។
សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ហើយដាក់ចេញនូវវិធានការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា បូករួមការធ្វើផែនការអភិវឌ្ឍន៍ ដល់ឆ្នាំ២០២៣ ផងដែរ។