ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារ អេស៊ីលីដា៖ គ្រោងបោះផ្សាយលក់ភាគហ៊ុននៅពេលមុខ

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា «គ្រោងបោះផ្សាយលក់ភាគហ៊ុន ក្នុង​ពេលឆាប់ៗនេះ» បន្ទាប់ពីទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ ធនាគារ​អេស៊ីលីដា គ្រោងបន្តគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬហៅថា លក់ភាគហ៊ុន លើកដំបូងជាសាធារណៈ នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

តាមសេចក្ដីប្រកាសព័ត៌មាន ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារ ពាណិជ្ជទី១ នៅកម្ពុជា ដែលនឹងចុះបញ្ជីលក់ភាគហ៊ុន ក្នុងក្រុមហ៊ុនផ្សារ​មូលបត្រកម្ពុជា។ ធនាគារ អេស៊ីលីដា គ្រោង បោះផ្សាយ លក់ភាគហ៊ុន នៅពេលឆាប់ៗនេះ បន្ទាប់ពីទើបទទួលបាន ការយល់ព្រម ពីធនាគារជាតិនៃ កម្ពុជា ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា ការបោះ ផ្សាយមូលបត្រកម្មសិទ្ធិ​ជាលើកដំបូង​របស់​ធនាគារអេស៊ីលីដា គឺ ដើម្បីបង្កើន​ប្រភពទុន​ដ៏សម្បូរបែប និងគាំទ្រ​ការរីក​ចម្រើននាពេល​អនាគត។

​លោកបណ្ឌិត អ៊ិន ចាន់នី​ បានបញ្ជាក់ទៀតថា «ធនាគារ​ទើបនឹង ទទួល​បានលិខិត​ពីធនាគារជាតិ នៃកម្ពុជា​​​ ដើម្បីបន្តនីតិ​វិធីស្នើ​សុំ​បោះផ្សាយ​លក់​មូលបត្រកម្ម​សិទ្ធិ ​​លើកដំបូង​ជាសាធារណៈ របស់ធនាគារ នៅគណៈកម្មការមូលបត្រ​កម្ពុជា (គ.ម.ក.) ។ ភាគហ៊ុនិ​ក​របស់ធនាគារ​បានឯកភាពគ្នាជាឯកច្ឆន្ទ ធ្វើការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិលើកដំបូង​ជា​សា​ធារ​ណៈ​​ដើម្បីបង្កើន​ប្រភពទុន​ដ៏សម្បូរបែប និងគាំទ្រ​ការរីក​ចម្រើននាពេល​អនាគត តាមរយៈ​ទីផ្សារ​មូលធនកម្ពុជា» ។

ការបោះផ្សាយ​លក់មូលបត្រ​កម្មសិទ្ធិ​ ជាសាធារណៈលើកដំបូង​របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានចាត់ទុកជា “ការបោះផ្សាយ​លក់មូលបត្រ​កម្មសិទ្ធិលើកដំបូង​ជាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​​” ដែលលើកទឹកចិត្ត​ដល់វិនិយោគិន​រូបវ័ន្តបុគ្គល និងសាធារណជន ​ក្នុង​ការទិញ​ភាគហ៊ុន​ទៅតាម​លទ្ធភាព របស់ខ្លួន ៕