ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រី JICA ប្រចាំកម្ពុជាទទួលគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនាពីរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ លោកលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនា ជូនលោក Sugano Yuichi និងលោក Tanaka Kotaro ជាប្រធាន អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (JICA ) ប្រចាំនៅកម្ពុជា និងគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ជូនលោក Kengo Matsuda លេខាទី២ ស្ថានទូតជប៉ុន ព្រមទាំងមន្រ្តី JICA មានតួនាទីជាប្រធានទីប្រឹក្សាបច្ចេកទេស បេសកជនជប៉ុន សរុប8រូប ដែលមានស្នាដៃល្អក្នុងការបំពេញបេសកកម្មការងារ និងកិច្ចសហការផ្តល់ឥណទានសម្បទាន និងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនលើវិស័យធនធានទឹក និងឧតុនិយម។

លោករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះលោក Sugano Yuichi ប្រធាន JICA ប្រចាំកម្ពុជា និងសហការី ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្រ្តី លឹម គានហោ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលលោក Sugano Yuichi និងសហការី ខិតខំប្រឹងប្រែងបំពេញនាពេលកន្លងមក ដែលបានរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការបានល្អប្រសើររវាងក្រសួងធនធានទឹក និងឧតុនិយម និង JICA តាមរយៈការគាំទ្រលើការគ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ 

លោក Sugano Yuichi ប្រចាំនៅកម្ពុជា បានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ដែលលោកមានកិត្តិយសបានទទួលនូវគ្រឿងឥស្សរិយយសនៅពេលនេះ ហើយលោកក៏សូមថ្លែងនូវអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងអរព្រះគុណចំពោះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបានប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ដល់រូបលោកនៅពេលនេះ ហើយរូបលោកជាប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន ប្រចាំនៅកម្ពុជា ប្តេជ្ញានឹងនៅតែបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងធនធានទឹក និងឧតុនិយម។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សម្រាប់វិស័យធនធានទឹកនៅកម្ពុជា ជប៉ុនបានជួយគម្រោងពាក់ព័ន្ធមួយចំនួនមានជាអាទិ៍ដូចជា ការងារស្តារ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត, ការប្រើប្រាស់ធន ធានទឹកអាងទន្លេ។ ការបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយផ្នែកបច្ចេកទេសតាមរយៈការចាត់បញ្ជូនជំនាញការ/ទីប្រឹក្សារយៈពេលខ្លី និងមធ្យម បម្រើការជួយក្នុងគម្រោងរបស់ក្រសួងផងដែរ៕