ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មសង្កេតឃើញថា ក្នុងរយៈពេលចាប់តាំងពីមានសេចក្តីជូនដំណឹង ចំនួន០៣ លើក រហូតមកដល់បច្ចុប្បន្ន នៅមានក្រុមហ៊ុននាំចេញទៅសហភាពអឺរ៉ុប ណ័រវែស ស្វីស និងទួរគី មួយចំនួនធំ មិនទាន់បានស្នើសុំចុះឈ្មោះ តាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅឡើយ។
យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ដើម្បីចៀសវាងការបាត់បង់ ផលប្រយោជន៍ ពីការទទួលបាន នូវភាពអនុគ្រោះពន្ធ សម្រាប់ការនាំចេញទំនិញពី ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ ទីផ្សារសហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះរបស់ប្រទេសណ័រវែស ស្វីស និងទួរគី ផលិតករ ឬ អ្នកនាំចេញទាំងឡាយណា ដែលមិនទាន់បានចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter System-REX) សូមរួសរាន់មកចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់ប្រកាសដើមកំណើតទំនិញ (Statement On Origin) ជំនួសឲ្យការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ អេ យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ៕
