ក្រុមតំណាងមកពីប្រទេសចំនួន១៥ប្រទេសនៅតំបន់អាមេរិកឡាទីន ដែលជាសមាជិកនៃសន្ធិសញ្ញាជំនួយបដិការអន្តរអាមេរិក (Inter-American Treaty of Reciprocal Assistance) ហៅកាត់ថា TIAR បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃអង្គារ ទី០៣ ខែធ្នូនេះ ក្នុងកិច្ចប្រជុំមួយនៅទីក្រុង បូហ្គោតា (Bogota) ។
កិច្ចព្រមព្រៀងនៃប្រទេសទាំង១៥ ជាសមាជិកសន្ធិសញ្ញា TIAR ដែលមានប្រទេស អាហ្សង់ទីន ប្រេស៊ីល សហរដ្ឋអាមេរិក កូឡុំប៊ី ឈីលី និងប្រទេសប៉េរូជាដើម គឺហាមជនជាតិ វេណេស៊ុយអេឡាចំនួន ២៩នាក់ រួមទាំងលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីវេណេស៊ុយអេឡាផងដែរ មិនឲ្យធ្វើដំណើរឆ្លងកាត់ព្រំដែននៃប្រទេសទាំង១៥ប្រទេសនេះទេ ។
សូមបញ្ជាក់ថា ជនជាតិវេណេស៊ុយអេឡាទាំង២៩នាក់ ដែលត្រូវបានហាមប្រាមមិនឲ្យឆ្លងកាត់ព្រំដែនប្រទេសទាំង១៥នៅអាមេរិកឡាទីននោះ គឺជាមេដឹកនាំក្រុមហ៊ុនប្រេង មនុស្សស្និទ្ធជាមួយនឹងលោក នីកូឡាស ម៉ាឌូរ៉ូ រួមទាំងមន្ត្រីរដ្ឋាភិបាលវេណេស៊ុយអេឡាផងដែរ ៕