ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ ២១ ពីក្រុងតាខ្មៅ ទៅស្រុកកោះធំ ហើយជាមួយនឹងការបើករដ្ឋានស្ថាបនាផ្លូវជាតិលេខ ២ និង ផ្លូវជាតិលេខ ២២ នៅឆ្នាំ២០២០ខាងមុខ។
លោក រដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ ក្នុងវេទិកាសំណេះសំណាលស្ដីពីចល័តភាពក្នុងទីប្រជុំជន នាថ្ងៃទី ៥ ខែធ្នូ ២០១៩។
បើតាមលោក រដ្ឋមន្ត្រីស៊ុន ចាន់ថុល បញ្ចាក់ថា នាពេលនេះ គ្រឿងចក្របានមកដល់ប្រទេសកម្ពុជាបណ្តើរហើយ និងថវិកាក៏មានគ្រប់គ្រាន់ហើយដែរ ដោយត្រៀមពេលសមស្របស្នើសុំសម្តេចតេជោ ហ៊ុន សែន រកពេលវេលាអញ្ជើញបើករដ្ឋានជាផ្លូវការ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវលេខ២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រគ្រោងនឹងចំណាយថវិកាប្រមាណ ៥៦លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលកូរ៉េ និងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ៨.៥លានដុល្លារអាមេរិក។
គម្រោងនេះ ឆ្លងកាត់រាជធានី-ខេត្តចំនួន៣ រួមមានខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ ដោយធ្វើការបែងចែកជា៣កំណាត់ផ្លូវធំៗមានដូចជា៖
-កំណាត់ទី១៖ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្រ្តីបីកួរស្រូវ ដែលមានប្រវែង ៨,៧គ.ម។ ពង្រីកពី ២គន្លង ទៅ ៤គន្លង ដែលនៅតំបន់ទីប្រជុំជន ប្រវែង ៤,៣គ.ម មានទទឹងផ្លូវ ១៥ម និងក្រៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ ២០,៥ម។ កំណាត់ផ្លូវនេះក្រាលបេតុងកៅស៊ូ (AC) ដែលមានកម្រាស់ ១២ស.ម។
-កំណាត់ទី២៖ ចាប់ផ្តើមពីរង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែង ៥៣,៨១គ.ម ស្ថិតក្នុងតំបន់ជនបទ។ កំណាត់ផ្លូវនេះមាន ២គន្លង និងទទឹង ១៣ម ក្រាលបេតុងកៅស៊ូ (AC) ដែលមានកម្រាស់ ១០ស.ម។
-កំណាត់ទី៣៖ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម (ផ្លូវជាតិលេខ២២) ដែលមានប្រវែង ៩,៦គ.ម ស្ថិតក្នុងតំបន់ជនបទ។ កំណាត់ផ្លូវនេះ មានទំហំទទឹងផ្លូវសរុប ១៣ម ក្រាលបេតុងកៅស៊ូ (AC) ដែលមានកម្រាស់ ១០សម៕