ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តស៊ូក្នុងជីវិតជាអ្នកលក់សម្ភារៈផ្គត់ផ្គង់គ្រឿងសំណង់ រហូតក្លាយជា ឧកញ៉ា

ភ្នំពេញ៖ លោក ហួត ជា អគ្គនាយកក្រុមហ៊ុន ហួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ ដ៏ធំមួយនៅកម្ពុជា ត្រូវបានព្រះ មហាក្សត្រ ត្រាស់បង្គាប់ ផ្តល់គោរមងារ ជាឧកញ៉ា កាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៩ នេះ។

តស៊ូក្នុងជីវិតជាអ្នកលក់សម្ភារៈផ្គត់ផ្គង់គ្រឿងសំណង់ លោក ហួត ជា មិនមែនជាកូនអ្នកមានធូរធារនោះទេ ជាកុមារកំព្រា ឪពុក ដោយសារឪពុកបានស្លាបក្នុងសម័យប៉ុលពត ដែលធ្វើឱ្យខ្សែជីវិតលោក និងគ្រួសាររស់នៅជួបការលំបាកយ៉ាងខ្លាំង ជីវភាពគ្រួសារទាំងមូលត្រូវពឹងផ្អែកទៅលើជិវិតម្តាយជាស្ត្រីមេម៉ាយដែលគ្មានទ្រព្យអ្វីបន្សល់ទុកក្រៅពីបាតដៃទទេឡើយ។

កុមារ ហួត ជា ចាប់កំណើតនៅឆ្នាំ១៩៨០ ក្នុងភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានបងប្អូនប្រុស-ស្រីចំនួន ៥នាក់ លោកគឺជាកូនពៅក្នុងគ្រួសារ។ រហូតដល់អាយុ ៦ឆ្នាំ កុមារ ហួត ជា បានផ្តើមចូលរៀនថ្នាក់ទី១ នៅសាលាបឋមសិក្សាភ្ញីមាស ស្ថិតក្នុងភូមិ សៃវ៉ា កើតក្នុងគ្រួសារត្រកូលអ្នកក្រ គ្មានប្រាក់គ្រប់គ្រាន់សម្រាប់ចាយវាយប្រចាំថ្ងៃដូចកូនគេអ្នកផ្សេងឡើយ ។ កុមារា ហួត ជា មិនដែលខក ខានទៅសាលាមួយថ្ងៃណាឡើយ ហើយបានខិតខំសិក្សារៀនសូត្រផង ខំដើររកជញ្ជាត់កូនត្រីកូនកំពឹសសម្រាប់យកមកធ្វើជាម្ហូបប្រចាំថ្ងៃ រហូតទទួលបានងារពីអ្នកភូមិថាជា “កូនឧស្សាហ៍” ទៀតផង។

“ក្រៅពីការងាររៀនសូត្រ ខ្ញុំបានទៅជួយឃ្វាលគោ មើលថែទាំដាក់ចំណីសត្វទា ស៊ីឈ្នួលដកសំណាប ស្ទូង ច្រូត នេះជាជីវិតពិតរបស់ខ្ញុំ ហើយរហូតដល់អាយុបាន១២ឆ្នាំ ខ្ញុំរុញរទេះដឹកទឹកលក់ឱ្យគេទៀត ដើម្បី យកលុយមកផ្គត់ផ្គង់ការសិក្សារៀនសូត្រ”។ ដោយសារមានការជួយជ្រោមជ្រែងពីម្តាយ ពីបងប្អូន និងអ្នកស្រុក-អ្នកភូមិដែលរស់នៅជិតខាង ធ្វើឱ្យកុមារ ហួត ជា តស៊ូសិក្សារៀនសូត្ររហូតដល់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ជាស្ថាពរនៅក្នុងឆ្នាំ១៩៩៨ បានបន្តមកដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានជាតិគ្រប់គ្រងក្នុងក្រុងភ្នំពេញ ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះទៅជា មហាវិទ្យាល័យជាតិគ្រប់គ្រង។

ក្នុងនាមជាកូនអ្នកស្រែដែលគ្មានញាតិនៅក្នុងទីក្រុង យុវជន ហួត ជា បានទៅរស់នៅក្នុងសំណង់អនា ធិបតេយ្យក្នុងខ្ទមមួយក្នុងសង្កាត់បឹងត្របែកធ្វើជាទីជម្រកស្នាក់នៅបណ្តោះអាសន្ន។ “ក្រោយពីបានកន្លែងស្នាក់អាស្រ័យហើយខំប្រឹងសិក្សាបណ្តើរ ស្វែងរកការងារធ្វើបណ្តើរ ហើយក៏រកបានការងារជាអ្នក បើកឡាននៅក្នុងក្រុមហ៊ុនមួយដែលនេះជាក្តីសង្ឃឹមថ្មីមួយដែលនាំមកនូវជោគជ័យក្នុងការសិក្សារៀនសូត្រ”។

សូមបញ្ជាក់ថា ក្រុមហ៊ុន ហួត ជា បង្កើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១០ ដែលមានទុនវិនិយោគត្រឹមតែ៥០០០ដុល្លារអាមេរិក ។ ហើយមានបុគ្គលិកតែ២ នាក់ប៉ុណ្ណោះ គឺរូបលោកផ្ទាល់ និងបុគ្គលិកម្នាក់ទៀតដែលខិតខំអស់ពីកម្លាំងកាយ-ចិត្តក្នុងការស្វែងរកទីផ្សារលក់ចេញផលិតផលរបស់ក្រុមហ៊ុន និងរៀបចំដំណើរការក្រុមហ៊ុនឱ្យកាន់តែរីកចម្រើន។

បច្ចុប្បន្នក្រុមហ៊ុនបង្កើតបាន ២២សាខា មាន ៨សាខានៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តមានសក្តានុពលមួយចំនួន ដូចជាកំពង់សោម ក្រុងកែប បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ សៀមរាប កំពង់ចាម កំពង់ធំ បាវិត និងស្ទឹងត្រែងជាដើម ដែលសព្វថ្ងៃមានបុគ្គលិកប្រមាណជាជិត ៣០០នាក់។

បន្ទាប់ពីទទួលបានជោគជ័យក្នុងអាជីពជាអ្នកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុនទាំងប៉ុន្មានខាងលើ និងដោយបានដឹងច្បាស់ថា ខ្លួនឯងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំក្រុមហ៊ុន ស្របពេលដែលវិស័យសំណង់កំពុងមានការរីកចម្រើន នៅក្នុងប្រទេស លោកបានសម្លឹងឃើញឱកាស នៅលើទីផ្សារកម្ពុជា។

សម្រាប់ទស្សនវិស័យទៅថ្ងៃអនាគត ក្រុមហ៊ុនហ៊ួត ជា ផ្គត់ផ្គង់សំណង់ក្នុងស្រុកមួយនេះ បានរៀបចំខ្លួនរួចជាស្រេច ក្នុងការប្រកួតប្រជែងទីផ្សារ ជាមួយក្រុមហ៊ុនមកពីក្រៅប្រទេស ហើយរំពឹងថា នឹងពង្រីកសាខាឱ្យបានច្រើនដាច់គេទាំងនៅក្នុងប្រទេសកម្ពុជា ក្នុងការផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទទៅដល់អតិថិជន រួមទាំងសេវាកម្ម និងគុណភាព ឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕