ក្រុមបាតុករពាក់អាវខ្មៅរាប់រយនាក់ បានសម្រុកចូលទៅក្នុងហាងលក់ទំនិញមួយក្នុងផ្សារទំនើបនៃទីក្រុងហុងកុង និងវាយបំផ្លាញទ្រព្យសម្បត្តិជាច្រើនក្នុងហាង ។ នេះជាអំពើហិង្សាថ្មីមួយទៀត កើតចេញពីក្បួនបាតុកម្ម ក្រោយពីបានស្ងប់ស្ងាត់ អស់រយៈពេលប្រហែល៣ សប្តាហ៍ នេះបើយោងតាមការ ចុះផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូនេះ ។
កងកម្លាំងប៉ូលីសបានប្រើប្រាស់ឧស្ម័ន បង្ហូរទឹកភ្នែក និងរថយន្តបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ បណ្តាលឲ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ក្លាយជាអំពើហិង្សា ដែលបានកើតឡើងសារជាថ្មីនៅក្នុងទីក្រុងនេះ ខណៈដែលលោកស្រី ខារី ឡាំ កំពុងធ្វើដំណើរទស្សនកិច្ចទៅកាន់ចិនដីគោក និងជួបជា មួយមេដឹកនាំកំពូលចិន ។
សូមបញ្ជាក់ថា ក្បួនបាតុកម្ម របស់ក្រុមបាតុករ នៅទីក្រុងហុងកុង បានអូសបន្លាយអស់រយៈពេលជាង៦ខែកន្លងមកហើយ និងមិនទាន់មានសញ្ញាណាមួយ ត្រូវបានបញ្ចប់នោះទេ ខណៈដែលប៉ូលីស ហុងកុងបានចាប់ខ្លួនក្រុមបាតុករប្រមាណជាង២០០០នាក់ និងបានដោះស្រាយតាមការទាមទាររបស់ក្រុមបាតុករ ៕