ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការ ងារ ជាមួយលោក លឿង ជុនយីង អនុប្រធានគណៈកម្មការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជន ចិន និង ជាប្រធានមជ្ឈមណ្ឌលខ្សែក្រវាត់ និងផ្លូវនៃទីក្រុងហុងកុង ប្រទេសចិន។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩នេះ ។
លោក លឿង ជុនយីង បានរាយការណ៍ជូនសម្ដេចតេជោថា នេះជាលើកទី២ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ចិនមកជួយពិនិត្យសុខភាពដល់ប្រជាពលរដ្ឋកម្ពុជាដែលមានបញ្ហាភ្នែកនៅខេត្តកំពង់ចាម។
លោក លឿង ជុនយីង បានបញ្ជាក់ថា ប្រជាជនកម្ពុជាមានបញ្ហាភ្នែកកើតកន្ទុយថ្លែនច្រើន នឹងបញ្ហាភ្នែកដ៏ទៃទៀត ក្នុងន័យនេះ លោកនឹងរៀបចំឲ្យមានមជ្ឈមណ្ឌលជួយដល់ប្រជាពលរដ្ឋខេត្តកំពង់ចាមដែលមានបញ្ហាភ្នែកឱ្យជាសះស្បើយទាំងអស់គ្នា។ ការព្យាបាលភ្នែកកន្ទុយថ្លែនគឺជាការងាយបំផុត មិនមានគ្រោះថ្នាក់ ហើយមិនមានការឈឺចាប់នោះទេ និយាយរួមការងារនេះគឺជាការងារមិនគួរឲ្យមានការព្រួយបារម្ភនោះទេ តែជាការងារដែលគ្រូពេទ្យជាច្រើនបានធ្វើទទួលបានជោគជ័យ១០០%ផងដែរ។
លោកបន្តទៀតថា ក្រុមគ្រូពេទ្យធ្វើនៅពេលនេះ ទី១ បម្រើការងារមនុស្សធម៌ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា និងទី២ជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ស្របទៅនឹងគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន។
សម្តេចតេជោ មានប្រសាសន៍ថា ការជួយប្រជាពលរដ្ឋឱ្យភ្នែកភ្លឺឡើងវិញនេះ ជាការងារមនុស្សធម៌មួយ ដែលប្រជាពលរដ្ឋទទួលបានភ្នែកភ្លឺមកវិញនេះ ។ សម្ដេចតេជោ ជួសមុខឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបានទទួលព្យាបាលភ្នែកភ្លឺឡើងវិញ សូមថ្លែងអំណរគុណចំពោះ លោក លឿង ជុនយីង និងក្រុមការ ងារ ដែលបានជួយព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋកម្ពុជា ៕