ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ អមដំណើរដោយលោកឧកញ៉ា លី យ៉ុងផាត់ និងសហការីបានអញ្ជើញពិនិត្យសកម្មភាព ប្រមូលផលអំពៅ និងខ្សែច្រវ៉ាក់ផលិតកម្មរបស់ រោងចក្រកិន និងផលិតស្កអំពៅរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គឺ របស់លោកឧកញ៉ា លី យ៉ុងផាត់។ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ។
តាមការឲ្យដឹងពីអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គឺ បានឲ្យដឹងថារោងចក្រមានសក្តានុពលផលិតក្នុងមួយថ្ងៃបានស្ករស ចំនួន ១ពាន់តោន និងស្ករឆៅ ចំនួន ១ពាន់តោន ដោយប្រើអំពៅប្រហែល ១ម៉ឺនតោន ។ ក្នុងនេះ៣០ភាគរយក្រុមហ៊ុនផលិត និង ៧០ ភាគរយទៀតទទួលបានពីការចុះកិច្ចសន្យា ទិញពីប្រជាពលរដ្ឋ និងក្រុមហ៊ុនក្នុងស្រុក។
ក្រុមហ៊ុនភ្នំពេញស៊ូហ្គឺ ទីផ្សារធំនាពេលបច្ចុប្បន្នគឺប្រទេសវៀតណាម និងក្នុងស្រុក ហើយទៅអនាគតត្រៀមរៀបចំឯកសារស្នើសុំនាំចេញទៅកាន់ទីផ្សារក្រៅតំបន់បន្ថែមទៀត។
លោករដ្ឋមន្រ្តី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះឆន្ទ:វិនិយោគរោងចក្រផលិតស្កអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលបានចំណាយទុនវិនិយោគជាង ២០០ លានដុល្លារអាមេរិក ដែលនេះជាសកម្ម ភាពមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍវិស័យកសិឧស្សាហកម្មដំណាំអំពៅ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចូលរួមបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន បានមួយចំនួនផងដែរ ៕