(កំពត)៖ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានប្រកាស និងប្រគល់ជ័យលាភីស្នាដៃស្ថាបត្យកម្មវិធីលក់ម្ហូបអាហារក្នុងខេត្តកំពត ឆ្នាំ២០១៩ ក្រោយពីបានឆ្លងកាត់ការពិនិត្យ និងវាយតម្លៃសា្នដៃនិស្សិត ដែលបានដាក់ពាក្យចូលរួមប្រឡងប្រណាំង។
ពិធីនេះបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ អញ្ជើញចូលរួមពី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងលោក ជាវ តាយ អភិបាលខេត្តកំពត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តកំពត មន្ត្រីរាជការ អង្គភាពចំណុះរដ្ឋបាលខេត្តកំពតប្រមាណ ៥០០នាក់។
អង្គពិធីទាំងមូលបានរីករាយអបអរសាទរ និងកោតសរសើរដល់ស្នាដៃនិស្សិតជ័យលាភី ដែលជាយុវជនជំនាន់ក្រោយបានចូលរួមសិក្សាស្វែងយល់ ក៏ដូចជារៀបចំជាគម្រោងស្ថាបត្យកម្មសម្រាប់ឱ្យកែលម្អវិធីលក់ម្ហូបអាហារ ខេត្តកំពត កាន់តែប្រសើរឡើង។
ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមនិស្សិតដែលមាន ឈ្មោះ៖ ទី១. លោក ចាន់ សុត្ថាណាតូ ២. លោក យ៉ា សុន ឧត្តម និង ៣. កញ្ញា ថោង រតនរង្សី មកពីសាកលវិទ្យាល័យលីមកុកវីង។
គួររំលឹកថា ទីតាំងដែលបានជ្រើសរើសដាក់ឱ្យប្រឡងប្រណាំងស្ថាបត្យ កម្មវិធីលក់ម្ហូបអាហារខេត្តកំពត ស្ថិតនៅតាមបណ្ដោយសួន ក្បែរផ្សារក្រណាត់។
លោករដ្ឋមន្ត្រី បានថ្លែងថា វិថីលក់ម្ហូបអាហារ ឬ Food Street នេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ក៏ដូចជាដល់សេដ្ឋកិច្ចមូលដ្ឋាន ក្នុងនោះភ្ញៀវទេសចរទាំងអស់អាចពិសាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ចម្អិនថ្មីៗក្តៅៗស្រស់ៗ និងមានអនាម័យ។
ក្រៅពីនេះ ភ្ញៀវទេសចរក៏អាចទស្សនាពីរបៀប ឬសិល្បៈនៃការចម្អិនអាហារការតុបតែងម្ហូបអាហារ ការបម្រើសេវាកម្ម និងរបៀបបរិភោគ។
ដើម្បីបញ្ជាក់ជាសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់និស្សិតជយលាភី លោករដ្ឋមន្ត្រី ថោង ខុនបានប្រគល់ជូននូវវិញ្ញាបនបត្របញ្ជាក់អំពីជយលាភីនិងថវិកាចំនួន ៤លានរៀលនិងបានប្រគល់ជូនសៀវភៅប្លង់គំរូប្រភេទ ២D ដល់លិកអភិបាលខេត្ត លោក ជាវ តាយ ថែមទៀតផង៕