ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា តាមសិក្សាជំហានដំបូងដោយទីភ្នាក់ងារ JICA ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងត្រូវចំណាយថវិកាប្រមាណជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងបែបនេះ ក្នុងពេលចុះពិនិត្យមើលស្ថានភាពកក ស្ទះចរាចរណ៍ផ្លូវជាតិលេខ១ ឋិតនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង រវាងកម្ពុជា និងវៀតណាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
លោកស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតនេះ ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុនឯកជនរួចហើយដោយទុករយៈពេល១៨ខែ ដើម្បីឱ្យសិក្សាលម្អិត និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងឈានទៅរកការចរចាកិច្ចព្រមព្រៀងសម្បទានរវាងរដ្ឋា ភិបាល និងក្រុមហ៊ុនឯកជន។
ផ្លូវល្បឿនលឿន គឺជាផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបែងចែកទ្រូងផ្លូវជាពីរចំណែកខុសទិសគ្នាឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វតិចបំផុតក្នុងករណី ចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់សម្រាប់ឲ្យយានយន្តចេញនិងចូលផ្លូវល្បឿនលឿន។
សូមបញ្ជាក់ថា ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) ជាកត្តាដ៏ធំជាងគេសម្រាប់ពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជាព្រោះ ផ្លូវល្បឿនលឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុកជាមូលដ្ឋានសម្រាប់វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ផងដែរ ៕